អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការបុគ្គលិកសាសនា

ទិដ្ឋាការបុគ្គលិកខាងសាសនា

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ)

ព័ត៌មានទូទៅ

ទិដ្ឋាការប្រភេទ R គឺសម្រាប់បុគ្គលណាដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីបំរើការខាងវិស័យសាសនាជាបណ្តោះអាសន្ន ដូចដែលបានកំណត់ក្នុងច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) §101(a)(15)(R)។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

បុគ្គលិកខាងសាសនារួមមានបុគ្គលទាំងឡាយណាដែលទទួលបានការអនុញ្ញាតពីអង្គភាពដែលត្រូវបានគេទទួលស្គាល់អោយធ្វើការដឹកនាំការគោរពបូជាសាសនា និងអនុវត្តភារកិច្ចផ្សេងទៀតដែលជាធម្មតាធ្វើឡើងដោយសមាជិកបព្វជិតសាសនា និងបុគ្គលិកដែលពាក់ព័ន្ធនឹងស្ថាប័នសាសនា ឬជាអ្នកបំរើការងារខាងសាសនា។ អ្នកត្រូវតែបំពេញឱ្យបាននូវលក្ខខណ្ឌតម្រូវដូចខាងក្រោមនេះប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការខាងផ្នែកសាសនា៖

  • អ្នកត្រូវតែជាសមាជិកសាសនាណាដែលត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នសាសនាពិតប្រាកដ (Bona fide) ដែលមិនស្វែងរកប្រាក់ចំណេញនៅសហរដ្ឋអាមេរិក។
  • ស្ថាប័នសាសនារបស់អ្នក និងសាខាដែលពាក់ព័ន្ធអាចនឹងទទួលបាននូវការលើកលែងពន្ធ ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានការលើកលែងពន្ធ។
  • អ្នកត្រូវតែជា៖
    (ក) សមាជិករបស់សាសនានោះរយៈពេលពីរឆ្នាំមុនពេលដែលអ្នកដាក់ពាក្យសុំទិដ្ឋាការក្នុងនាមជាបុគ្គលិកវិស័យសាសនា។
    (ខ) មានគម្រោងបំរើការជាមន្រ្តីនិកាយ ឬបំរើការក្នុងវិស័យសាសនាឬស្ថាប័នសាសនាពិតប្រាកដដែលមិនទទួលបានប្រាក់ចំណេញ (ឬស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតដែលទទួលបានការលើកលែងពន្ធ)។
    (គ) កំពុងរស់នៅ និងកំពុងតែមានវត្តមាននៅក្រៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុនកន្លងមកនេះ ហើយអ្នកក៏ធ្លាប់បានធ្វើការងារនេះអស់រយៈពេលប្រាំឆ្នាំរួចមកហើយដែរ។

ទិដ្ឋាការប្រភេទនេះមិនតម្រូវឱ្យអ្នកត្រូវមានទីលំនៅច្បាស់លាស់នៅប្រទេសមួយក្រៅពីសហរដ្ឋអាមេរិក ហើយដែលអ្នកមិនមានបំណងបោះបង់នោះឡើយ។ ទោះជាដូចនេះក៏ដោយ អ្នកត្រូវតែបញ្ជាក់បង្ហាញពីគោលបំណងថាអ្នកនឹងចាកចេញពីសហរដ្ឋអាមេរិកនៅពេលដែលបានបញ្ចប់ការស្នាក់នៅតាមស្ថានភាពស្របច្បាប់របស់អ្នក ការខកខាននូវការពន្យល់បកស្រាយ ឬការផ្តល់ភស្តុតាងនានាអាចនឹងទទួលនូវផលប៉ះពាល់។ 

ការដាក់ឯកសារធានា

អនាគតនិយោជករបស់អ្នកត្រូវដាក់ឯកសារធានាយកនិយោជិតទៅធ្វើការងារជាបណ្តោះអាសន្ន គឺទម្រង់ I-129 នៅស្ថាប័នសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS)។ សូមអានព័ត៌មានលំអិតអំពីរបៀបដាក់ឯកសារធានាទម្រង់ I-129 និងលក្ខខណ្ឌតម្រូវសម្រាប់ទិដ្ឋាការប្រភេទ R-1 នៅទីនេះ

ចំណាំ៖ អនាគតនិយោជកត្រូវដាក់ឯកសារធានាអោយបានឆាប់តាមអ្វីដែលអាចធ្វើបាន (ប៉ុន្តែមិនគួរយូរហួសពីរយៈពេល៦ខែមុនពេលចាប់ផ្តើមការងារនោះទេ) ដើម្បីអោយមានពេលវេលាគ្រប់គ្រាន់សម្រាប់ដំណើរការនៃសំណុំឯកសារធានា និងការសុំទិដ្ឋាការ។

សំណុំឯកសារធានាទម្រង់ I-129 ត្រូវតែទទួលបាននូវការអនុម័តមុនពេលដែលអ្នកដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ នៅពេលដែលសំណុំឯកសារធានាត្រូវបានគេអនុម័ត និយោជក ឬភ្នាក់ងារតំណាងនឹងទទួលបាននូវការជូនព័ត៌មាន (Notice of Action) តាមរយៈទម្រង់ I-797។ នៅពេលសម្ភាសសុំទិដ្ឋាការ មន្ត្រីកុងស៊ុលត្រូវធ្វើការបញ្ជាក់ម្តងទៀតពីការអនុម័តឯកសារធានានេះនៅក្នុងប្រព័ន្ធ PIMS របស់ក្រសួងការបរទេស។

នៅពេលទៅសម្ភាសន៍អ្នកត្រូវតែយកលេខករណីឯកសារធានា (I-129 petition receipt number) ដើម្បីបញ្ជាក់ពីការសម្រេចអនុម័តនូវសំណុំឯកសារធានានោះ។ សូមជំរាបថាការសម្រេចអនុម័តចំពោះសំណុំឯកសារធានា មិនមែនជាការធានាពីការចេញទិដ្ឋាការជូននោះទេប្រសិនបើក្នុងករណីដែលអ្នកត្រូវបានគេរកឃើញថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រភេទទិដ្ឋាការនោះ តាមរយៈច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ 

សំណុំឯកសារនៃពាក្យសុំ

ប្រសិនបើអ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទ R-1 អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ទម្រង់ DS-160 ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធអេឡិចត្រូនិច។ សូមចូលអានព័ត៌មានក្នុងគេហទំព័រនេះ សម្រាប់ព័ត៌មានបន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅមានសុពលភាពនៅសល់យ៉ាងតិចប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកចង់ទៅស្នាក់នៅសហរដ្ឋអាមេរិក (លុះត្រាតែមានការព្រមព្រៀងពីប្រទេសជាក់លាក់យល់ព្រមផ្តល់នូវការលើកលែងនេះ)។ ប្រសិនបើនៅក្នុងលិខិតឆ្លងដែនរបស់អ្នកមានដាក់ឈ្មោះរបស់បុគ្គលណាផ្សេងទៀត បុគ្គលម្នាក់ៗដែលគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកត្រូវដាក់ពាក្យសុំទិដ្ឋាការរៀងៗខ្លួន។
  • រូបថត១សន្លឹក ទំហំ 2x2 អ៊ីញ (5x5 ស.ម) ទើបថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ។ គេហទំព័រនេះមានព័ត៌មានអំពីតម្រូវការរូបថត។
  • វិក្កយបត្របង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នកអាចបង់ជាដុល្លារអាមេរិក ឬជារូបិយប័ណ្ណក្នុងស្រុកក៏បានដែរ ហើយទឹកប្រាក់ដែលបង់នេះមិនអាចប្រគល់ជូនអ្នកវិញបានទេ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចចិត្តចេញទិដ្ឋាការជូន អាចនឹងមានការតម្រូវអោយបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀតអាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ គេហទំព័រនៃក្រសួងការបរទេសហរដ្ឋអាមេរិកអាចជួយអ្នកអោយស្វែងយល់ថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពនៃការចេញទិដ្ឋាការដែរឬអត់ ហើយតើតម្លៃប៉ុន្មានដែរ។
  • លេខបង្កាន់ដៃនៅលើទម្រង់ I-129 ដែលគេបានអនុម័តរួច។ ទម្រង់ I-797 មិនតម្រូវអោយយកទៅជាមួយនៅពេលសម្ភាសន៏ទេ។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែបង្ហាញលិខិតបញ្ជាក់ការណាត់ពេលវេលាសម្ភាសន៍។ អ្នកអាចយកឯកសារយោងផ្សេងៗដែលអ្នកគិតថាអាចនឹងជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ទៅមន្រ្តីកុងស៊ុល។

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញទម្រង់ DS-160 ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធអេឡិចត្រូនិច។

ជំហានទី 2៖
បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្ត្រីកុងស៊ុលនឹងពិនិត្យពិចារណាពាក្យសុំទិដ្ឋាការនីមួយៗជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាអំពីការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងចំណុចផ្សេងៗទៀត។ ម្យ៉ាងទៀតមន្ត្រីកុងស៊ុលអាចនឹងពិនិត្យពិចារណាអំពីគោលបំណងជាក់លាក់ ស្ថានភាពគ្រួសារ ផែនការនិងទស្សនៈវិស័យរយៈពេលយូរអង្វែងនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ពាក្យសុំទិដ្ឋាការនីមួយៗនឹងទទួលបាននូវការពិនិត្យពិចារណាដាច់ដោយឡែកពីគ្នា ហើយនឹងទទួលបាននូវការពិចារណាដែលសមស្របទៅតាមតម្រូវការរបស់ច្បាប់។

សូមប្រុងប្រយ័ត្ន៖ មិនត្រូវបង្ហាញឯកសារក្លែងក្លាយឡើយ។ រាល់ការក្លែងបន្លំ និងការផ្តល់ព័ត៌មានមិនពិតប្រាកដអាចនឹងបណ្តាលឱ្យអ្នកលែងមានសិទ្ធិទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍។ ប្រសិនបើមានការព្រួយបារម្ភពីការរក្សាការសម្ងាត់ អ្នកគួរយកឯកសាររបស់អ្នកទៅស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្របិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយព័ត៌មាននោះទៅដល់បុគ្គលណាម្នាក់ទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានរបស់អ្នក។

អ្នកត្រូវយកឯកសារដូចខាងក្រោមនេះទៅសម្ភាសន៍៖

  • លិខិតបញ្ជាក់ពីមន្ត្រីដែលទទួលបានការអនុញ្ញាតនៅស្ថាប័នការងាររបស់អ្នកដែលរៀបរាប់បញ្ជាក់ថាសមាជិកភាពសាសនារបស់អ្នកគឹស្ថិតនៅជាមួយស្ថាប័នសាសនានៅប្រទេសមួយក្រៅពីសហរដ្ឋអាមេរិក ហើយស្ថាប័នសាសនានោះគឺជាស្ថាប័នសាសនាតែមួយជាមួយនឹងស្ថាប័នសាសនានៅសហរដ្ឋអាមេរិក ហើយអ្នកបានធ្វើជាសមាជិករបស់សាសនានោះអស់រយៈពេលពីរឆ្នាំកន្លងមកមុនពេលដាក់ពាក្យសុំទិដ្ឋាការ។
  • ប្រសិនបើអ្នកជាមន្ត្រីសាសនាជាន់ខ្ពស់ អ្នកមានសិទ្ធិក្នុងការដឹកនាំការបន់ស្រន់សម្រាប់សាសនានោះ។ តួនាទីការងារដែលអ្នកត្រូវធ្វើនឹង រៀបរាប់ជាលក្ខណៈលំអិត។ ឬ
  • ប្រសិនបើអ្នកមានអាជីពវិជ្ជាជីវៈខាងផ្នែកសាសនា អ្នកត្រូវមានកម្រិតសិក្សាយ៉ាងហោចណាស់ក៏ត្រឹមថ្នាក់មធ្យមសិក្សាឬថ្នាក់ប្រហាក់ប្រហែលគ្នា ហើយដើម្បីបំរើការខាងវិស័យសាសនាបានអ្នកត្រូវមានកម្រិតសិក្សាតាមការតម្រូវ។ ឬ
  • ប្រសិនបើអ្នកទៅធ្វើការងារដែលមិនមែនជាអ្នកឯកទេស ឬមិនមែនជាការងារអាជីព ហើយអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រសិនបើជាប្រភេទការងារដែលពាក់ព័ន្ធនឹងវិស័យសាសនា។
  • ផែនការនៃប្រាក់បំណាច់ដែលរួមមានចំនួន និងប្រភពរបស់ប្រាក់បៀវត្ស ប្រភេទនៃប្រាក់សំណងផ្សេងទៀត ដូចជាសម្រាប់ម្ហូបអាហារ ទីកន្លែងស្នាក់នៅ និងផលប្រយោជន៍ផ្សេងៗទៀត និងរបាយការណ៍ដែលបញ្ជាក់ពីកំរៃទឹកប្រាក់ដែលនឹងទទួលបានពីការងារនោះ។
  • ឈ្មោះ និងអាសយដ្ឋានជាក់លាក់នៃស្ថាប័នសាសនា ឬសាខាសាសនាដែលពាក់ព័ន្ធនឹងស្ថាប័នដែលអ្នកនឹងទៅធ្វើការ។
  • ប្រសិនបើអ្នកនឹងធ្វើការឱ្យអង្គភាពមួយដែលមានទំនាក់ទំនងជាមួយស្ថាប័នសាសនាណាមួយ ត្រូវមានការពិពណ៌នារៀបរាប់អំពីទំនាក់ទំនាក់រវាងអង្គភាពទាំងពីរនេះ។
  • ភស្តុតាងអំពីថវិកានៃស្ថាប័នសាសនា (Organization’s Asset) និងវិធីសាស្រ្តនៃប្រតិបត្តិការ។
  • ឯកសារដែលបញ្ជាក់ថាបានទទួលការអនុញ្ញាតដោយស្របច្បាប់អោយធ្វើប្រតិបត្តិការ។

ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមអំពីប្រភេទទិដ្ឋាការសម្រាប់ទៅធ្វើការខាងវិស័យសាសនា សូមអានព័ត៌មានក្នុងគេហទំព័ររបស់ក្រសួងការបរទេសនៅទីនេះ