ការជូនព័ត៌មានដល់បេក្ខជនគ្រប់រូប៖​ 

ព័ត៌មានបន្ទាន់សម្រាប់បេក្ខជនសុំទិដ្ឋាការទាក់ទងទៅនឹងជំងឺវីរូសកូរ៉ូណាថ្មី៖
ជនបរទេសណាដែលធ្លាប់មានវត្តមាននៅក្នុងប្រទេសទាំងអស់ខាងក្រោមនេះអំឡុងពេល១៤ថ្ងៃមុនចូលឬមានបំណងចូលសហរដ្ឋអាមេរិកត្រូវបានហាមឃាត់ ដោយយោងទៅតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលេខ ៩៩៨៤​ លេខ៩៩៩២ លេខ៩៩៩៣​​ លេខ៩៩៩6 និងសេចក្ដីប្រកាសបន្ទាប់ទៀតដែលចេញនៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២០។ ប្រទេសទាំងអស់នេះរួមមាន៖

- ​ប្រទេសប្រេស៊ីល
-​ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ដោយមិនរាប់បញ្ចូលទឹកដីក្រោមចក្រភពដែលនៅខាងក្រៅទ្វីបអឺរ៉ុប។
- សាធារណរដ្ឋអៀរឡង់
- ប្រទេសទាំង២៦នៅក្នុងតំបន់ Schengen រួមមានប្រទេសអូទ្រីស ប្រទេសប៊ែលស៊ិក ប្រទេសឆេកូ ប្រទេសដាណឺម៉ាក ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ ប្រទេសក្រិច ប្រទេសហុងគ្រី ប្រទេសអៀកឡង់ ប្រទេសអ៊ីតាលី ប្រទេសឡេតូនី ប្រទេសលិចតិនស្តាញ​ ប្រទេសលីទុយអានី ប្រទេសលុចសំបួ ប្រទេសម៉ាល់ត៍ ប្រទេសហូឡង់ ប្រទេសណរវែស៍ ប្រទេសប៉ូឡូញ ប្រទេសប៉ទុយហ្គាល់ ប្រទេសស្លូវាគី ប្រទេសស្លូវានី ប្រទេសអេស្បាញ ប្រទេសស៊ុយអ៉ែត និងប្រទេសស្វីស
- សាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់
- សាធារណរដ្ឋប្រជាមានិតចិន ដោយមិនរាប់បញ្ចូលហុងកុង និងម៉ាកាវ

មានករណីលើកលែងមួយចំនួនចំពោះការហាមឃាត់នេះសម្រាប់អ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក សមាជិកគ្រួសារមួយចំនួនរបស់ពលរដ្ឋ​​អាមេរិក និងអ្នកមានសិទ្ធរស់នៅស្របច្បាប់នៅសហរដ្ឋអាមេរិក​ បូករួមនឹងការលើកលែងដទៃទៀតដែលមានចែងនៅក្នុងសេចក្ដីប្រកាសទាំងនោះ។ ប្រសិនបើអ្នកធ្លាប់បានរស់នៅ ធ្លាប់បានធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើកាលពីពេលថ្មីៗកន្លងមក ឬមានបំណងធ្វើដំណើរទៅប្រទេសដូចមានរាយនាមខាងលើនេះមុនធ្វើដំណើរទៅសហរដ្ឋអាមេរិក យើងខ្ញុំសូមផ្តល់យោបល់ឲ្យលាកអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំរហូតដល់រយៈពេល១៤ថ្ងៃក្រោយពីថ្ងៃដែលអ្នកចាកចេញពីប្រទេសដែលហាមឃាត់ខាងលើជាមុនសិន។ បន្ថែមជាងនេះទៅទៀត ប្រសិនបើអ្នកមានអាការៈដូចជាមានជំងឺផ្តាសាយ ឬជឿថាអ្នកបានប៉ះពាល់ជាមួយនឹងមេរោគកូរ៉ូណាថ្មី យើងខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកពន្យារថ្ងៃសម្ភាសន៍ ដោយត្រូវរង់ចាំយ៉ាងហោចណាស់រហូតដល់រយៈពេល១៤ថ្ងៃទៅមុខទៀត។ ការប្ដូរពេលវេលាណាត់សម្ភាសន៍មិនតម្រូវឲ្យបង់ប្រាក់ទេ ហើយប្រាក់បង់ថ្លៃសម្រាប់ពាក្យសុំទិដ្ឋាការមានសុពលភាពមួយឆ្នាំនៅក្នុងប្រទេសណាដែលបានបង់ប្រាក់នោះ។ សម្រាប់សំណួរទាក់ទងនឹងការផ្លាស់ប្ដូរពេលវេលាណាត់សម្ភាសន៍ សូមទាក់ទងមកខាងយើងខ្ញុំតាម https://www.ustraveldocs.com/kh_cy/kh-main-contactus.asp ដើម្បីទទួលបានការណែនាំជាក់លាក់។


កាលពីថ្ងៃទី២២ខែមេសា លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសផ្អាកការអនុញ្ញាតចូលទៅសហរដ្ឋអាមេរិកនៃជនអន្តោប្រវេសន៍ប្រភេទមួយចំនួនដែលអាចមានហានិភ័យដល់ទីផ្សារការងារសហរដ្ឋអាមេរិកក្នុងអំឡុងពេលការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការផ្ទុះឡើងនៃមេរោគ COVID-១៩ ។ សេចក្តីប្រកាសនេះមានប្រសិទ្ធិភាពគិតចាប់ពីម៉ោង១១ និង៥៩នាទី ម៉ោងនៅ EDT នៅថ្ងៃទី២៣ ខែមេសា និងផុតសុពលភាពក្នុងរយៈពេល៦០ថ្ងៃ លើកលែងតែប្រធានាធិបតីសម្រេចបន្តទៅទៀត។ ពលរដ្ឋអាមេរិក អ្នករស់នៅអចិន្រ្តៃយ៍ស្របច្បាប់ និងអ្នកដែលមានទិដ្ឋាការអន្តោប្រវេសន៍នៅមានសុពលភាព មិនស្ថិតនៅក្រោមសេចក្តីប្រកាសនេះទេ។ មិនមានការលុបចោលនូវទិដ្ឋាការណាដែលនៅមានសុពលភាពនោះទេ នៅក្រោមសេចក្តីប្រកាសនេះ។ រាល់សេវាកម្មទិដ្ឋាការនានាត្រូវបានផ្អាកនៅតាមបណ្តាស្ថានទូតសហរដ្ឋអាមេរិកទូទាំងពិភពលោក ប៉ុន្តែដោយសារស្ថានភាពអំណោយផលនៃធនធានរបស់យើង ស្ថានទូត និងស្ថានកុងស៊ុលនៅអាចបន្តផ្តល់សេវាកម្មទិដ្ឋាការក្នុងស្ថានភាពបន្ទាន់​ និងបេសកកម្មចាំបាច់សម្រាប់បេក្ខជនដែលមិនស្ថិតក្រោមសេចក្តីប្រកាសរបស់ប្រធានាធិបតីនេះ។ អត្ថបទទាំងស្រុងនៃសេចក្តីប្រកាសរបស់ប្រធានាធិបតីគឺមាននៅលើគេហទំព័ររបស់សេតវិមាន៖https://www.whitehouse.gov/presidential-actions/proclamation-suspending-entry-immigrants-present-risk-u-s-labor-market-economic-recovery-following-covid-19-outbreak/ 


ព័ត៌មានសម្រាប់បេក្ខជនទិដ្ឋាការទាក់ទងនឹងវីរូសកូរ៉ូណា៖
ដើម្បីឆ្លើយតបទៅនឹងវិបត្តិដ៏ធ្ងន់ធ្ងរទូទាំងសកលលោកទាក់ទងទៅនឹងជំងឺកូវីត-១៩ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្អាកជាបណ្ដោះអាសន្នលែងផ្ដល់សេវាកម្មទិដ្ឋាការនៅគ្រប់បណ្តាស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិកទាំងអស់។ ស្ថានទូត​ ​និងស្ថានកុងស៊ុលនានាបានរំសាយការណាត់សម្ភាសន៍សុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០មក ប៉ុន្តែនៅតែបន្តផ្ដល់សេវាកម្មទិដ្ឋាការចំពោះករណីបន្ទាន់ និងករណីណាដែលចាំបាច់ដល់បេសកកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក អាស្រ័យទៅតាមលក្ខណៈអំណោយផលនៃធនធាន និងស្ថានភាពក្នុងស្រុក។ យើងនឹងចាប់ផ្ដើមផ្ដល់សេវាកម្មទិដ្ឋាការជាធម្មតាវិញឲ្យបានឆាប់ប៉ុន្តែមិនទាន់អាចផ្ដល់ពេលវេលាជាក់លាក់នៅពេលនេះបានទេ។ សូមអានសេចក្ដីប្រកាសផ្សេងៗដែលមានព័ត៌មានលម្អិតស្ដីពីបច្ចុប្បន្នភាពនៃសេវាកម្មទិដ្ឋាការទូទាំងសកលលោក និងការផ្អាកទិដ្ឋាការជាបណ្តោះអាសន្នដោយសារជំងឺកូវីត-១៩ តាមគេហទំព័រ https://travel.state.gov/content/travel/en/traveladvisories/ea/covid-19-visa-services-and-restrictions.html

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានរំសាយរាល់ការណាត់ពេលវេលាសម្ភាសន៍សម្រាប់ទិដ្ឋាការប្រភេទអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ទាំងអស់។ ការិយាល័យកុងស៊ុលនឹងបន្តសេវាកម្មទិដ្ឋាការជាធម្មតាវិញក្នុងពេលឆាប់ៗ ប៉ុន្តែនៅពេលនេះយើងមិនទាន់អាចបញ្ជាក់នូវកាលបរិច្ឆេទជាក់លាក់បានទេ។ ទឹកប្រាក់​(MRV fee) ដែលបានបង់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការនៅមានសុពលភាពនៅឡើយ ហើយអ្នកអាចប្រើប្រាស់ទឹកប្រាក់នេះដើម្បីការដាក់ពាក្យសុំទិដ្ឋាការក្នុងរយៈពេលមួយឆ្នាំនៅក្នុងប្រទេសណាដែលអ្នកបានបង់ប្រាក់។ ប្រសិនបើអ្នកមានធុរៈបន្ទាន់ហើយត្រូវធ្វើដំណើរភ្លាមៗ សូមធ្វើតាមសេចក្ដីណែនាំនៅក្នុងគេហទំព័រ https://www.ustraveldocs.com/kh ឬទូរស័ព្ទទៅលេខ (៨៥៥) ២៣-៩៦២ ៥៣០ ឬ (+១​) ៧០៣-៦៦៥-៧៣៤៦ (ក្រៅម៉ោងធ្វើការ និយាយភាសាអង់គ្លេស) ដើម្បីស្នើសុំការណាត់បន្ទាន់។ 


សេចក្ដីប្រកាសរបស់ប្រធានាធិបតី
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានសេចក្ដីប្រកាសថ្មីមួយរបស់ប្រធានាធិបតី (“សេចក្ដីប្រកាសរបស់ប្រធានាធិបតីលេខ ៩៩៨៣”) បានដាក់បន្ថែមនូវជនជាតិចំនួនប្រាំមួយប្រទេសផ្សេងទៀតចូលទៅក្នុងបញ្ជីប្រទេសហាមឃាត់ការធ្វើដំណើរដែលបានចែងនៅក្នុងសេចក្ដីប្រកាសមុនរបស់ប្រធានាធិបតីលេខ ៩៦៤៥។ ការហាមឃាត់នេះអនុវត្តតែចំពោះទិដ្ឋាការអន្តោប្រវេសន៍​ និង/ឬ ឆ្នោតផ្សងសំណាង (DV) តែប៉ុណ្ណោះ មិនមានការហាមឃាត់ចំពោះបេក្ខជនទិដ្ឋាការមិនមែនអន្តោប្រវេសន៍ឡើយ។ សម្រាប់ព័ត៌មានបន្ថែមមានសូមអាននៅក្នុងតំណរនេះ។


ចាប់ពីថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៩ តទៅ បេក្ខជនសម្ភាសទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់នឹងត្រូវស្នើសុំឱ្យត្រលប់ទៅវិញ ប្រសិនពួកគេមិនទាន់បានអនុវត្តនូវជំហានខាងក្រោមនេះមុនពេលអញ្ជើញមកសម្ភាស៖

១. សូមដាក់បញ្ចូលរូបថតដែលត្រឹមត្រូវនៅពេលបំពេញពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមប្រព័ន្ធអ៊ីនធើណិត (រូបថតថ្មី ដែលទើបថតក្នុងរយៈពេលតិចជាងប្រាំមួយខែ ទំហំ៥x៥ ស.ម. មិនពាក់វ៉ែនតា មានផ្ទៃក្រោយពណ៌ស ថតចំពីមុខ​ ហើយឃើញស្លឹកត្រចៀកទាំងសងខាង)។
២. ត្រូវបំពេញ និងបញ្ចូន ​(Submit) ពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមរយៈគេហទំព័រ​ https://ceac.state.gov/genniv/ អោយបានចប់សព្វគ្រប់មុននឹងណាត់ពេលវេលាដើម្បីមកសម្ភាស។
៣. សូមព្រីនទំព័របញ្ជាក់ទម្រង់ DS-160 របស់ខ្លួន ហើយសូមអោយប្រាកដថាទំព័របញ្ជាក់ដែលព្រីនចេញមកនោះមានបារកូដដែលអាចមើលឃើញច្បាស់។
៤. សូមយកទំព័របញ្ជាក់នៃទម្រង់ DS-160 នេះមកជាមួយពេលមកសម្ភាស។


ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។ សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។

Mount Rushmore - South Dakota

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍