អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការ​អ្នកទស្សនា​ផ្លាស់ប្តូរ​ការសិក្សា

ទិដ្ឋាការសម្រាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ)

ព័ត៌មានទូទៅ

សហរដ្ឋអាមេរិកទទួលស្វាគមន៍ដល់ជនបរទេសទាំងឡាយណាដែលមក សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា។ មុនពេលដាក់ពាក្យសុំទិដ្ឋាការ បេក្ខជនសម្រាប់កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សាទាំងអស់ត្រូវតែទទួលបានការយល់ព្រម និងអនុម័តពីអ្នកឧបត្ថម្ភកម្មវិធី។ ពេលដែលទទួលបានការអនុម័តរួចហើយ ស្ថាប័នអប់រំឬអ្នកឧបត្ថម្ភកម្មវិធីទាំងនោះនឹងផ្តល់ឯកសារអោយបេក្ខជនម្នាក់ៗសម្រាប់យកទៅប្រើប្រាស់នៅពេលដាក់ពាក្យសុំទិដ្ឋាការ។

ទិដ្ឋាការសម្រាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សាប្រភេទ J គឺត្រូវបានរៀបចំ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរការសិក្សា ចំណេះដឹង និងជំនាញក្នុងវិស័យអប់រំ វិស័យសិល្បៈ និងវិស័យវិទ្យាសាស្រ្ត។ សិក្ខាកាមអាចជាសិស្ស និស្សិតមកពីគ្រប់កម្រិតសិក្សាទាំងអស់ ឬជាសិក្ខាកាមដែលកំពុងទទួលការបណ្តុះ បណ្តាលការងារជាមួយក្រុមហ៊ុន ស្ថាប័ន និងទីភ្នាក់ងារនានា ឬជាគ្រូបង្រៀនថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងសាលាជំនាញឯកទេស សាស្រ្តាចារ្យដែលត្រូវមកបង្រៀន ឬត្រូវធ្វើការស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា អ្នកស្រាវជ្រាវ អ្នកហ្វឹកហាត់ជំនាញឯកទេសខាងវិស័យវេជ្ជសាស្រ្ត និងសម្ព័ន្ធភាព និងអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (International Visitor) ដែលមកសហរដ្ឋអាមេរិកក្នុងគោលបំណងធ្វើដំណើរ ការសង្កេតការ ការពិគ្រោះយោបល់ ការស្រាវជ្រាវ ការបណ្តុះបណ្តាល ការចែករំលែក ឬបង្ហាញអំពីចំណេះដឹងឯកទេស ឬជំនាញ ឬទៅចូលរួមក្នុងកម្មវិធី People-to-people។

 

សមាជិកគ្រួសារក្នុងបន្ទុក

សហព័ទ្ធ ឬកូនៗដែលមិនទាន់រៀបការអាយុក្រោម21ឆ្នាំដែលមានបំណងចង់រួមដំណើរឬទៅស្នាក់នៅសហរដ្ឋអាមេរិមួយរយៈជាមួយបេក្ខជនគោលដែលកាន់ទិដ្ឋាការប្រភេទ J-1 ពួកគេត្រូវតែមានទិដ្ឋាការប្រភេទ J-2។ សហព័ទ្ធ ឬកូនៗដែលមិនមានបំណងទៅស្នាក់នៅសហរដ្ឋអាមេរិកជាមួយបេក្ខជនទិដ្ឋាការគោល ប៉ុន្តែមានបំណងចង់ទៅធ្វើទេសចរណ៍ក្នុងពេលវិស្សមកាល អាចនឹងមានលក្ខណៈសម្បត្តិដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ប្រភេទ B-2 វិញ។

សហព័ទ្ធ ឬកូនៗរបស់បេក្ខជនដែលចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកមិនអាចធ្វើការបានទេក្នុងខណៈពេលដែលពួកគេកំពុងកាន់ទិដ្ឋាការប្រភេទ J-2 លុះត្រាតែពួកគេបានដាក់ពាក្យស្នើសុំការអនុញ្ញាតតាមទម្រង់ I-765 ។ ស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) នឹងពិនិត្យមើលទម្រង់ I-765 ហើយនឹងសម្រេចថាតើអាចផ្តល់ការអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការប្រភេទ J-2 អោយធ្វើការងារបានឬអត់។ ក្នុងគេហទំព័ររបស់ស្ថាប័ន USCIS មានឯកសារប្រភេទ PDF ដែលមានចំណងជើងថា "ការអនុញ្ញាតឱ្យធ្វើការងារ" ដែលមានព័ត៌មានបន្ថែមជាច្រើនទៀត។ 

សំណុំឯកសារនៃពាក្យសុំ

ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ J អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធវិបសាយ ទម្រង់ DS-160 ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះសម្រាប់ព័ត៌មាន បន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅ មានសុពលភាពយ៉ាងតិចបំផុតប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែក្នុងករណីដែលមាន កិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនោះយល់ព្រមផ្ដល់នូវការលើក លែងនេះ)។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានឈ្មោះបុគ្គលណា ផ្សេងទៀត បុគ្គលម្នាក់ៗដែលត្រូវការទិដ្ឋាការសហរដ្ឋអាមេរិក ត្រូវតែ ដាក់ពាក្យសុំសម្រាប់ខ្លួនគេផ្ទាល់ដែរ។
  • រូបថតមួយសន្លឹកទំហំ 2"x2" (5សម x 5សម) ដែលទើបថតក្នុង រយៈពេល៦ខែចុងក្រោយ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះអំពីលក្ខខណ្ឌតម្រូវរបស់រូបថត។
  • លុះត្រាតែកម្មវិធី J របស់អ្នកឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក (ដែលមានលេខកូដសំគាល់កម្មវិធីផ្តើមដោយអក្សរ "G”) អ្នកត្រូវតែបង្ហាញវិក្កយបត្របង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយដែលទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ។ ការបង់ប្រាក់នេះអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកក៏បានដែរ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចផ្តល់ទិដ្ឋាការជូន ជួនកាលអ្នកអាចនឹងត្រូវបង់ប្រាក់បន្ថែមថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀតអាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ សូមអានគេហទំព័រ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីឱ្យដឹងថាតើអ្នកត្រូវបង់ប្រាក់បន្ថែមថ្លៃបដិភាពនេះដែរឬអត់ ហើយតើមានតម្លៃប៉ុន្មានដែរ។
  • ទម្រង់ DS-2019 ដែលចេញដោយអ្នករៀបចំកម្មវិធីនៅសហរដ្ឋអាមេរិក។
  • លុះត្រាតែកម្មវិធី J របស់អ្នកទទួលបានការឧបត្ថម្ភអំពីរដ្ឋាភិបាលសហរដ្ឋអាមេរិក (មានលេខកូដកម្មវិធីផ្តើមដោយអក្សរ “G”) អ្នកត្រូវតែបង្ហាញវិក្កយបត្របញ្ជាក់ពីការបង់ប្រាក់ថ្លៃស៊ីវីស (SEVIS fee) គឺទម្រង់ I-901 ។ គេហទំព័រ SEVIS មានព័ត៌មានលម្អិតបន្ថែមទៀតអំពីការបង់ប្រាក់នេះ។

ក្រៅពីសំណុំឯកសារខាងលើនេះ អ្នកក៏ត្រូវយកលិខិតបញ្ជាក់ការណាត់ សម្ភាសន៍ (Appointment Confirmation Letter) ដែលបញ្ជាក់ថាអ្នកបានណាត់ពេលវេលាតាមប្រព័ន្ធអ៊ិនធើណិតរួចហើយ។ ម៉្យាងទៀតអ្នកអាចយកមកជាមួយនូវឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ជូនទៅមន្រ្តីកុងស៊ុល។

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

បេក្ខជនទិដ្ឋាការកម្មវិធីផ្លាស់ប្តូរការសិក្សា (ទិដ្ឋាការប្រភេទ J) រួមនឹងសមាជិកគ្រួសារក្រោមបន្ទុកដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ពុំតម្រូវឲ្យបង់ថ្លៃពាក្យសុំទិដ្ឋាការនោះទេប្រសិនបើបេក្ខជនចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាដែលឧបត្ថម្ភដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ឬភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដែលហៅកាត់ថា (USAID) ឬកម្មវិធីផ្លាស់ប្ដូររការសិក្សាផ្នែកការអប់រំ និងវប្បធម៌ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិកហើយមានលេខសម្គាល់ផ្ដើមដោយអក្សរ G-1, G-2, G-3, ឬ G-7 លើទម្រង់ DS-2019 (ទម្រង់វិញ្ញាបនបត្របញ្ជាក់សិទ្ធិចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា)។ បេក្ខជនទិដ្ឋាការកម្មវិធីផ្លាស់ប្តូរការសិក្សា (ទិដ្ឋាការប្រភេទ J) រួមនឹងសមាជិកគ្រួសារក្រោមបន្ទុកដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ពុំតម្រូវឲ្យបង់ថ្លៃទិដ្ឋាការក្រោយអនុម័តនោះដែរ។ បេក្ខជន ផ្លាស់ប្តូរការសិក្សាក្នុងលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ ត្រូវធ្វើការជាមួយការិយាល័យឧបត្ថម្ភកម្មវិធីការផ្លាស់ប្តូរការសិក្សារបស់ខ្លួន​ ដើម្បីរៀបចំការណាត់ជួបសម្ភាសន៍ទិដ្ឋាការជាមួយការិយាល័យកុងស៊ុលដោយពុំតម្រូវឲ្យបង់ថ្លៃពាក្យសុំទិដ្ឋាការនោះទេ ពីព្រោះថ្លៃពាក្យសុំទិដ្ឋាការដែលបានបង់រួចហើយមិនអាចដកវិញ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំនីមួយៗដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាចំពោះស្ថានភាពការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាពផ្សេងៗទៀតដែរ។ មន្រ្តីកុងស៊ុលក៏អាចនឹងពិចារណាអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ រួមទាំងគម្រោងផែនការរយៈពេលវែង និងទស្សនវិស័យរបស់អ្នកនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រចចិត្តចំពោះពាក្យសុំទិដ្ឋាការត្រូវតែសមស្របទៅនឹងតម្រូវការរបស់ច្បាប់ដែរ។

សូមប្រុងប្រយ័ត្ន៖ អ្នកមិនត្រូវប្រើប្រាស់ឯកសារក្លែងក្លាយនោះទេ។ ការក្លែងបន្លំ និងការប្រើប្រាស់ឯកសារ និងព័ត៌មានមិនពិតប្រាកដណាមួយអាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើអ្នកព្រួយបារម្ភពីការរក្សាភាពសម្ងាត់ អ្នកគួរតែយកឯកសារទាំងនេះទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្រដែលបិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយ ឬលេចឮព័ត៌មាននេះដល់បុគ្គលណាផ្សេងទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានទាំងនេះ។

អ្នកត្រូវយកឯកសារខាងក្រោមនេះទៅសម្ភាសន៍៖

  • ឯកសារបង្ហាញអំពីស្ថានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ស្ថានភាពសង្គម និងចំណងក្រុមគ្រួសារនៅក្នុងប្រទេសកំណើតរបស់អ្នក ដែលជាមូលហេតុតម្រូវឱ្យអ្នកត្រឡប់ទៅប្រទេសរបស់អ្នកវិញ បន្ទាប់ពីបានបញ្ចប់កម្មវិធីនៃការសិក្សារបស់អ្នកនៅសហរដ្ឋអាមេរិក។
  • ឯកសារហិរញ្ញវត្ថុ និងឯកសារផ្សេងទៀតដែលអ្នកជឿជាក់ថាអាចនឹងជួយគាំទ្រដល់ពាក្យសុំទិដ្ឋាការបស់អ្នក ហើយដែលជាភស្តុតាងដែលគួរឱ្យជឿជាក់ថាអ្នកមានថវិកាគ្រប់គ្រាន់ដើម្បីរ៉ាប់រ៉ងការចំណាយទាំងអស់សម្រាប់ឆ្នាំសិក្សាដំបូង ហើយអ្នកក៏មានលទ្ធភាពសម្រាប់ចំណាយលើកម្រៃផ្សេងៗទៀតខណៈពេលអ្នកស្ថិតនៅសហរដ្ឋអាមេរិក។ 
  • ច្បាប់ថតចម្លងនៃរបាយការណ៍ធនាគារមិនអាចទទួលយកបានទេ លុះត្រាតែអ្នកយកច្បាប់ដើមនៃរបាយការណ៍ធនាគារ ឬក៏សៀវភៅធនាគារទៅជាមួយដែរ។
  • ប្រសិនបើអ្នកទទួលបានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីបុគ្គលណាម្នាក់ សូមមកភស្តុតាងបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកជាមួយអ្នកឧបត្ថម្ភនោះ (ដូចជាសំបុត្រកំណើតរបស់អ្នក) ឯកសារបង់ពន្ធច្បាប់ដើមឆ្នាំចុងក្រោយរបស់អ្នកឧបត្ថម្ភ សៀវភៅធនាគាររបស់អ្នកឧបត្ថម្ភ និងឬវិក្កយបត្រផ្ញើប្រាក់មានកាលកំណត់របស់អ្នកឧបត្ថម្ភ។
  • ឯកសារបញ្ជាក់ការសិក្សាដែលបង្ហាញពីគម្រោងសិក្សា។ ឯកសារសំខាន់ៗផ្សេងៗទៀតមានដូចជាព្រឹត្តិបត្រពិន្ទុ (គួរយកច្បាប់ដើម) ដែលមានបញ្ជាក់អំពីចំណាត់ថ្នាក់ វិញ្ញាបនបត្របញ្ជាក់ពីការប្រឡងថ្នាក់ជាតិ (ចំណាត់ថ្នាក់និទេស A ។ល។) លទ្ធផលពិន្ទុប្រលងបទដ្ឋាន (SAT TOEFL ។ល។) និងសញ្ញាបត្រផ្សេងៗទៀត។

ឯកសារយោងសម្រាប់សមាជិកគ្រួសារក្នុងបន្ទុក

ប្រសិនបើអ្នកមានសមាជិកគ្រួសារក្នុងបន្ទុក អ្នកត្រូវយកឯកសារដូចខាងក្រោមនេះ៖

  • ភស្តុតាងបញ្ជាក់ពីទំនាក់ទំនងជាមួយសហព័ទ្ធ និងឬជាមួយកូនៗ(ឧទាហរណ៍ សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្រកំណើត)។
  • សហព័ទ្ធ ឬកូនម្នាក់ៗត្រូវតែមានទម្រង់ DS-2019 ផ្ទាល់របស់ពួកគេរៀងៗខ្លួន។ ទម្រង់នេះត្រូវប្រើនៅពេលដែលសហព័ន្ធ ឬកូនៗដាក់ពាក្យសុំទិដ្ឋាការសម្រាប់ធ្វើដំណើររួមជាមួយបេក្ខជនគោល ឬធ្វើដំណើរទៅស្នាក់នៅជាមួយបេក្ខជនគោលនៅថ្ងៃក្រោយ។

ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមអំពីទិដ្ឋាការសម្រាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា សូមអានពត៌មានក្នុងគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។