អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / មន្ត្រី​ការទូត និង រដ្ឋាភិបាល – ព័ត៌មាន​បន្ថែម

មន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាល-ព័ត៌មានបន្ថែម

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ជាទូទៅ ទិដ្ឋាការប្រភេទ A នឹងត្រូវផ្តល់ជូនទៅមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសដែលជាម្ចាស់ផ្ទះ ឬមន្ត្រីរបស់បណ្តាប្រទេសផ្សេងៗទៀតប្រសិនបើពួកគេមានកំណត់ទូត។ ប្រសិនបើបេក្ខជនទិដ្ឋាការប្រភេទ A-1 ឬ A-2 ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅបំពេញបេសកម្មណាមួយដែលនឹងបញ្ចប់ក្នុងរយៈពេលតិចជាង90ថ្ងៃ នៅលើទិដ្ឋាការរបស់គេត្រូវចារអក្សរថា "TDY"។ ជាទូទៅបេក្ខជនទិដ្ឋាការប្រភេទ A-1 និង A-2 ដែលមិនបានក្លែងបន្លំទំាងអស់នឹងទទួលបានការលើកលែងនូវការសម្ភាសន៍ ប្រសិនបើពួកគេជាពលរដ្ឋនៃប្រទេសម្ចាស់ផ្ទះ ឬជាពលរដ្ឋរបស់បណ្តាប្រទេសនានាដែលសហរដ្ឋអាមេរិកបានទទួលស្គាល់ជាផ្លូវការ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងករណីទិដ្ឋាការមួយចំនួន មន្ត្រីកុងស៊ុលអាចនឹងស្នើសុំអោយបេក្ខជនទិដ្ឋាការប្រភេទនេះមកសម្ភាសន៍ដែរ។

ខាងក្រោមនេះមានព័ត៌មានបន្ថែមទៀតអំពីប្រភេទជាក់លាក់នៅក្នុងចំណាត់ថ្នាក់ទិដ្ឋាការនេះ៖

ទិដ្ឋាការប្រភេទ A-3
សម្រាប់ផ្តល់ជូនទៅអោយអ្នកអមដំណើរ និងបុគ្គលិកធ្វើការងារផ្ទះរបស់បុគ្គលដែលទទួលបានទិដ្ឋាការប្រភេទ A-1 ឬ A-2។

ទិដ្ឋាការប្រភេទ G-1

សម្រាប់ផ្តល់ជូនអោយសមាជិកនៃស្ថានបេសកម្មអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដែលគេទទួលស្គាល់ និងដែលត្រូវទៅធ្វើការនៅអង្គការអន្តរជាតិណាមួយ ដោយមិនគិតអំពីឋានៈតួនាទីទេ ហើយទិដ្ឋាការប្រភេទនេះក៏អាចផ្តល់ជូនទៅដល់សមាជិកក្រុមគ្រួសារខ្សែផ្ទាល់របស់ពួកគេដែរ។ ទិដ្ឋាការប្រភេទ G-1 នេះក៏អាចផ្តល់ជូនទៅលេខាធិការរបស់បេសកជន អ្នកបើកបរយានយន្ត និងនិយោជិតផ្សេងៗទៀត ប៉ុន្តែប្រសិនបើសម្រាប់បុគ្គលិកធ្វើការងារផ្ទះជាលក្ខណៈផ្ទាល់ខ្លួនវិញ ពួកគេត្រូវការទិដ្ឋាការប្រភេទ G-5 វិញ។

ទិដ្ឋាការប្រភេទ G-2
សម្រាប់ផ្តល់ជូនអោយអ្នកតំណាងរបស់រដ្ឋាភិបាលដែលគេទទួលស្គាល់ និងសម្រាប់សមាជិកក្រុមគ្រួសារខ្សែផ្ទាល់របស់ពួកគេ ដែលត្រូវធ្វើដំណើរទៅស្នាក់នៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ន ដើម្បីទៅចូលរួមកិច្ចប្រជុំពិភាក្សានៅអង្គការអន្តរជាតិណាមួយ។ មន្ត្រីដែលសុំទិដ្ឋាការប្រភេទ G-2 នេះ អាចជាអ្នកដែលតំណាងឲ្យរដ្ឋាភិបាលរបស់ពួកគេនៅក្នុងមហាសន្និបាតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN General Assembly) ឬក៏អាចផ្តល់ជូនដល់មន្ត្រីដែលបំពេញការងារជាលក្ខណៈបណ្តោះអាសន្ន (TDY) នៅស្ថានបេសកកម្មរបស់ប្រទេសនោះដែលត្រូវទៅកាន់អង្គការអន្តរជាតិណាមួយ។ ម៉្បាងទៀតទិដ្ឋាការប្រភេទ G-2 នេះក៏អាចផ្តល់ជូនដល់មន្ត្រីយោធាដែលកំពុងបំរើការងារក្នុងនាមជាអ្នកថែរក្សាសន្តិភាពនៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (UN Secretariat) ហើយសមាជិកក្រុមគ្រួសាររបស់ពួកគេក៏អាចទទួលបានទិដ្ឋាការប្រភេទ G-2 នេះដែរ។

ទិដ្ឋាការប្រភេទ G-3
សម្រាប់ផ្តល់ជូនឲ្យអ្នកតំណាងនៃរដ្ឋាភិបាលដែលមិនត្រូវបានគេទទួលស្គាល់ ឬក៏ជាប្រទេសដែលមិនមែនជាសមាជិករបស់អង្គការអន្តរជាតិ ដោយមិនគិតពីឋានៈតួនាទី ហើយប្រភេទទិដ្ឋាការនេះក៏អាចផ្តល់ដល់សមាជិកក្រុមគ្រួសារខ្សែផ្ទាល់របស់ពួកគេដែរ។ ទិដ្ឋាការប្រភេទ G-3 ក៏អាចផ្តល់ជូនដល់អ្នកតំណាងរបស់រដ្ឋាភិបាលណាដែលត្រូវធ្វើដំណើរទៅស្នាក់នៅជាលក្ខណៈបណ្តោះអាសន្នដើម្បីចូលរួមកិច្ចប្រជុំនៅអង្គការអន្តរជាតិណាមួយ (ឧទាហរណ៍ មហាសន្និបាតជាន់ខ្ពស់នៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខជាដើម)។

ទិដ្ឋាការប្រភេទ G-4
សម្រាប់ផ្តល់ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីបំពេញការងារនៅអង្គការអន្តរជាតិណាមួយ (រួមទាំងអង្គការសហប្រជាជាតិផងដែរ)។ ចំណែកឯសមាជិកគ្រួសារខ្សែផ្ទាល់របស់គេក៏អាចនឹងទទួលបានទិដ្ឋាការប្រភេទ G-4 នេះដែរ លើកលែងតែចំពោះបុគ្គលិកធ្វើការងារផ្ទះ ដែលត្រូវទទួលទិដ្ឋាការប្រភេទ G-5 វិញ។ មន្ត្រី និងនិយោជិតនៃអង្គការអន្តរជាតិដែលមិនទទួលបានការតែងតាំងអោយទៅធ្វើការនៅសហរដ្ឋអាមេរិក ប្រហែលជាអាចទទួលបានទិដ្ឋាការប្រភេទ G-4 នោះដែរប្រសិនបើពួកគេចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក។ ក្នុងស្ថានភាពនេះ យើងត្រូវតែកំរិតចំនួនដងដែលគេអាចធ្វើដំណើរឆ្លងកាត់បាន ដោយយោងទៅតាមសំណើក្នុងនាមការងារផ្លូវការ។ ម៉្បាងទៀតទិដ្ឋាការប្រភេទ G-4 នេះក៏អាចផ្តល់ទៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ដែលមានឈ្មោះរាយនៅក្នុងបញ្ជីបៀវត្សរបស់អង្គការអន្តរជាតិ ហើយដែលពួកគេត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកក្នុងនាមស្ថាប័ននោះ។

ទិដ្ឋាការប្រភេទ G-5
សម្រាប់អ្នកអមដំណើរ និងនិយោជិតផ្ទាល់ខ្លួនរបស់បុគ្គលដែលទទួលបានទិដ្ឋាការប្រភេទ G-1 ដល់ G-4។

សម្គាល់៖ សម្រាប់បុគ្គលដែលទទួលបានសិទ្ធរស់នៅស្របច្បាប់ជាអចិន្ត្រៃយ៍ (LPR) ដែលនឹងត្រូវទៅធ្វើការនៅស្ថានបេសកកម្មបរទេសនៅសហរដ្ឋអាមេរិក គេមានសិទ្ធិអាចនឹងទទួលបានទិដ្ឋាការប្រភេទ A ដែរ ប្រសិនបើគេមានបំណងបោះបង់ចោលស្ថានភាព LPR របស់គេនោះ។