អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / កម្មវិធី​លើកលែង​ទិដ្ឋាការ

កម្មវិធី​លើកលែង​ទិដ្ឋាការ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

កម្មវិធីលើកលែងទិដ្ឋាការ (VWP) អនុញ្ញាតឲ្យពលរដ្ឋនៃបណ្តាប្រទេសមួយចំនួនធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទេសចរណ៍ ឬមុខជំនួញ (គោលបំណងទៅលេង) ហើយអាចស្នាក់នៅរយៈពេល 90ថ្ងៃ ឬតិចជាងនេះដោយមិនចាំបាច់សុំទិដ្ឋាការទេ។ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលអាចចូលរួមក្នុងកម្មវិធី VWP បាន ហើយមិនមែនគ្រប់អ្នកដំណើរពីបណ្តាប្រទេស VWP ទាំងអស់សុទ្ធតែមានសិទ្ធិអាចប្រើប្រាស់កម្មវិធីនេះបាននោះទេ។ អ្នកដំណើរពីបណ្តាប្រទេស VWP ទាំងអស់ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតតាមរយៈប្រព័ន្ធអេឡិចត្រូនិចសម្រាប់អនុញ្ញាតការធ្វើដំណើរ (ESTA) ហើយពួកគេនឹងត្រូវបានគេត្រួតពិនិត្យម្តងទៀតនៅច្រកចូលទៅសហរដ្ឋអាមេរិក មុនពេលដាក់បញ្ជូលឈ្មោះរបស់ពួកគេទៅក្នុង កម្មវិធី OBIM របស់ក្រសួងសន្តិសុខមាតុភូមិ។

*ប្រទេសដែលជាសមាជិក៖
អង់ដូរ៉ា
អូស្ត្រាលី
អូទ្រីស
បែលហ្ស៊ិក
ព្រុយណេ
ប្រទេសឈីលី
សាធារណរដ្ឋ​ឆែក
ដាណឺម៉ាក
អេស្តូនី
ហ្វាំងឡង់
បារាំង
អាល្លឺម៉ង់
ក្រិច
ហុងគ្រី
អាយស៍លែន
អៀកឡង់
អ៊ីតាលី
ជប៉ុន
ឡេតូនី
លិចតិនស្ដាញ
លីទុយអានី
លុចហ្សំបួរ
ម៉ាល់តា
ម៉ូណាកូ
នូវែលហ្សេឡង់
ន័រវែស
ព័រទុយហ្គាល់
សាធារណរដ្ឋកូរ៉េ
ស្សង់ ម៉ារីណូ
សិង្ហបុរី
ស្លូវ៉ាគី
ស្លូវ៉េនៀ
អេស្ប៉ាញ
ស៊ុយអែត
ស្វីស
តៃវ៉ាន់
ហូឡង់
ចក្រភពអង់គ្លេស

ពលរដ្ឋនៃបណ្តាប្រទេសជាសមាជិក (VWP) អាចធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់គោលបំណងទេសចរណ៍ និងជំនួញសំរាប់ការស្នាក់នៅរយៈពេល 90ថ្ងៃ ឬតិចជាងនេះ ប្រសិនបើពួកគេអាចបំពេញតាមលក្ខខ័ណ្ឌតម្រូវខាងក្រោម៖

  • មានលិខិតឆ្លងដែនដែលមានបន្ទះអេឡិចត្រូនិច (e-passport)
  • ចុះឈ្មោះលើបណ្ដាញអ៊ីនធឺណិត តាមរយៈប្រព័ន្ធអេឡិចត្រូនិកសម្រាប់ អនុញ្ញាតការធ្វើដំណើរ (ESTA); និង
  • បំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់កម្មវិធី VWP ដូចខាងក្រោមនេះ។

ចំពោះជនជាតិកាណាដា ម៉ិចស៊ីក និងដែនដីប៊ឺមូដារនៃចក្រភពអង់គ្លេស សូមចូលមើលគេហទំព័ររបស់ក្រសូងការបរទេសសហរដ្ឋអាមេរិក

* រាល់ព័ត៌មានយោងទាំងអស់ពាក់ព័ន្ធទៅនឹងពាក្យ “ប្រទេស” ឬ “បណ្តាប្រទេស” នៅក្នុងទំព័រនេះ អ្នកគួរគិតទៅដល់ច្បាប់ស្តីអំពីទំនាក់ទំនងជាមួយប្រទេសតៃវ៉ាន់នាឆ្នាំ 1979 (Taiwan Relations Act of 1979, Pub. L. No. 96-8) មាត្រា 4(b)(1) ចែងថា “គ្រប់ពេលដែលច្បាប់របស់សហរដ្ឋអាមេរិកចែងអំពី ឬពាក់ព័ន្ធជាមួយបណ្តាប្រទេសផ្សេងៗ ប្រជាជាតិ រដ្ឋ រដ្ឋាភិបាល ឬស្ថាប័នស្រដៀងគ្នានេះ ហើយវាក្យស័ព្ទ និងច្បាប់ទាំងនោះត្រូវរួមបញ្ចូលប្រទេសតៃវ៉ាន់ ហើយច្បាប់នោះក៏ត្រូវអនុវត្តចំពោះប្រទេសតៃវ៉ាន់ដែរ។” 22 U.S.C. § 3303(b)(1) ។ អាស្រ័យហេតុនេះ រាល់ព័ត៌មានយោងទាំងអស់ចំពោះពាក្យ “ប្រទេស” ឬ “បណ្តាប្រទេស” នៅក្នុងច្បាប់ដែលអនុម័តអោយប្រើប្រាស់កម្មវិធីលើកលែងទិដ្ឋាការ មាត្រា 217 នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ 8 U.S.C. 1187 ក៏ត្រូវរួមបញ្ចូលប្រទេសតៃវ៉ាន់ផងដែរ។ នេះគឺសមស្របនឹងគោលការណ៍ចិនតែមួយរបស់សហរដ្ឋអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកនៅរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយប្រទេសតៃវ៉ាន់ចាប់តាំងពីឆ្នាំ 1979 មក។

លក្ខណៈសម្បត្តិ

ដើម្បីចូលទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ អ្នកដំណើរត្រូវតែ៖

  • ជាពលរដ្ឋរបស់ប្រទេសណាមួយដែលបានរៀបរាប់ខាងលើ និងមានលិខិតឆ្លងដែនដែលអនុលោមតាមការតម្រូវរបស់កម្មវិធី VWP
  • មានការអនុញ្ញាតពីប្រព័ន្ធ ESTA
  • ស្នាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល 90ថ្ងៃ ឬ តិចជាងនេះ និង
  • គ្រោងធ្វើដំណើរដើម្បី៖

    ក) មុខជំនួញ- ទៅពិភាក្សាការងារជាមួយដៃគូជំនួញ៖ ទៅចូលរួមសន្និបាត ឬសន្និសីទស្តីអំពីវិស័យវិទ្យាសាស្ត្រ ការអប់រំ វិជ្ជាជីវៈ ឬមុខជំនួញដែលមានកាលបរិច្ឆេទជាក់លាក់មួយ ឬទៅចាត់ចែងករណីអចលនទ្រព្យ ឬក៏ទៅពិភាក្សាអំពីកិច្ចសន្យាណាមួយ។

    ខ) ការកម្សាន្ត/ ទេសចរណ៍ - ដើម្បីសំរាកលម្ហែ រួមបញ្ចូលទាំងការធ្វើទេសចរណ៍ ទៅវិស្សមកាល ទៅលេងកំសាន្ត ទៅលេងមិត្តភក្ដិ ឬសាច់ញាតិ ឈប់សម្រាក ទៅព្យាបាលជំងឺ សកម្មភាពដែលមានលក្ខណៈភារតភាព សង្គម ឬជាលក្ខណៈសេវាកម្ម និងទៅចូលរួមក្នុងសកម្មភាពអ្វីមួយដែលអ្នកចូលចិត្តធ្វើជាលក្ខណៈកំសាន្ត ប៉ុន្តែមិនអាចទទួលយកប្រាក់កំរៃនោះទេ ដូចជាក្នុងវិស័យតន្ដ្រី កីឡា និងសកម្មភាពស្រដៀងគ្នានេះ ឬក៏ទៅចូលរួមក្នុងការប្រកួតប្រជែងណាមួយ។

    គ) ការឆ្លងកាត់ - ប្រសិនបើលោកអ្នកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក។

ហើយប្រសិនបើអ្នកចូលទៅសហរដ្ឋអាមេរិកតាមផ្លូវអាកាស ឬផ្លូវសមុទ្រ អ្នកត្រូវតែ៖ 

  • មានសំបុត្រយន្តហោះសំរាប់ធ្វើដំណើរទៅ និងត្រឡប់មកវិញ ឬសំរាប់ធ្វើដំណើរបន្តទៅមុខទៀត។ ប្រសិនបើអ្នកប្រើសំបុត្រប្រភេទអេឡិចត្រូនិក អ្នកត្រូវយកសំបុត្រនោះតាមខ្លួនដើម្បីបង្ហាញមន្រ្តីត្រួតពិនិត្យអន្តោប្រវេសន៍។ អ្នកដំណើរដែលមានសំបុត្រសំរាប់ធ្វើដំណើរបន្តទៅប្រទេសម៉ិចស៊ីក កាណាដា ប៊ឺមូដា ឬប្រជុំកោះនានានៅតំបន់ការ៊ីបៀន ត្រូវតែមានទីលំនៅស្របច្បាប់នៅក្នុងតំបន់ទាំងនេះ។ 

ប្រសិនបើធ្វើដំណើរចូលសហរដ្ឋអាមេរិកតាមផ្លូវគោក ពីប្រទេសកាណាដា ឬប្រទេសម៉ិចស៊ីក តម្រូវអោយមានឯកសារដូចរៀបរាប់ខាងលើដែរ តែមិនចាំបាច់មានសំបុត្រសំរាប់ធ្វើដំណើរទៅមក និងមិនតម្រូវឲ្យក្រុមហ៊ុនដឹកជញ្ជូនចុះកិច្ចព្រមព្រៀងទេ។ ទោះជាដូចនេះក៏ដោយ អ្នកត្រូវតែបញ្ជាក់បង្ហាញអោយមន្ត្រីអន្តោប្រវេសន៍ជឿជាក់ថាអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយក្នុងកំឡុងពេលអ្នកស្នាក់នៅ និងរហូតដល់ពេលដែលអ្នកចាកចេញពីសហរដ្ឋអាមេរិក។

ប្រព័ន្ធអេឡិចត្រូនិចសម្រាប់អនុញ្ញាតការធ្វើដំណើរ (ESTA)

ប្រជាជាតិ ឬពលរដ្ឋនៃបណ្តាប្រទេស VWP ដែលគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីធ្វើកិច្ចការជំនួញ ឬកម្សាន្តជាលក្ខណៈបណ្ដោះអាសន្នតម្រូវឱ្យទទួលបានការអនុញ្ញាតពីប្រព័ន្ធអេឡិចត្រូនិចសម្រាប់អនុញ្ញាតការធ្វើដំណើរ (ESTA) មុនពេលដែលពួកគេចាប់ផ្តើមធ្វើដំណើរតាមផ្លូវអាកាស ឬផ្លូវសមុទ្រទៅសហរដ្ឋអាមេរិក ។

តម្រូវការលិខិតឆ្លងដែន

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ តទៅ បុគ្គលដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីលើកលែងទិដ្ឋាការបានត្រូវតែមានលិខិតឆ្លងដែនដែលអាចអានដោយម៉ាស៊ីនបាន​ (Electronic Passport) ហើយនៅមានសុពលភាព ។ លក្ខខ័ណ្ឌតម្រូវនេះក៏ត្រូវអនុវត្តផងដែរចំពោះបុគ្គលដែលទទួលបានការអនុញ្ញាត ESTA​​ ដែលនៅមានសុពលភាពនៅឡើយ។ លិខិតឆ្លងដែនដែលអាចអានដោយម៉ាស៊ីនបានមានរូបភាពដូចខាងក្រោមនេះ នៅលើគម្របលិខិតឆ្លងដែន។ លើសពីនេះទៀត​ ជនជាតិនៃប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ ប៉ុន្តែធ្លាប់បានធ្វើដំណើរទៅ​ ឬក៏ធ្លាប់មានវត្តមាននៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ​ស៊ីរ៉ី ស៊ូដង់ លីបេរីយ៉ា សូម៉ាលី ឬប្រទេសយ៉េមែន កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១១ ឬក្រោយពីថ្ងៃនេះ លែងមានលក្ខណៈសម្បតិ្តអាចធ្វើដំណើរ ឬ លែងទទួលបានការអនុញ្ញាតអោយចូលទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីលើកលែងទិដ្ឋាការបានទៀតហើយ។  បុគ្គលដែលមានសញ្ញាតិពីរនៃកម្មវិធីលើកលែងទិដ្ឋាការ​ និងមានសញ្ជាតិអ៊ីរ៉ាក់ អ៊ីរ៉ង់ ​ស៊ីរ៉ី ឬសញ្ជាតិស៊ូដង់ក៏លែងមានលក្ខណៈសម្បតិ្តអាចធ្វើដំណើរ ឬ លែងទទួលបានការអនុញ្ញាតអោយចូលទៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីលើកលែងទិដ្ឋាការបានទៀតដែរ។

ការរិតបន្តឹងនេះមិនអនុវត្តចំពោះអ្នកធ្វើដំណើរនៃកម្មវិធីលើកលែងទិដ្ឋាការទាំងឡាយណាដែលធ្លាប់មានវត្តមាននៅប្រទេសទាំងនោះក្នុងការទៅបំពេញបេសកម្មយោធានៅមូលដ្ឋានទ័ពនៃប្រទេសណាមួយរបស់កម្មវិធីលើកលែងទិដ្ឋាការ ឬក៏ដើម្បីទៅបំពេញការងារផ្លូវការពេញម៉ោងក្នុងនាមជាមន្រ្តីរដ្ឋាភិបាលនៃប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ។

រដ្ឋមន្រី្តក្រសួងសន្តិសុខព្រំដែនអាចនឹងធ្វើការលើកលែងនូវការរិតបន្តឹងក្នុងកម្មវិធីលើកលែងទិដ្ឋាការនេះ ប្រសិនបើគាត់យល់ឃើញថាការលើកលែងណាមួយអាចនឹងផ្តល់សារៈប្រយោជន៍ក្នុងការអនុវត្តច្បាប់ ឬក៏ដើម្បីសុវត្ថិភាពផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការលើកលែងជាក់លាក់ណាមួយនឹងទទួលបានការអនុញ្ញាតអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ករណីនីមួយៗ។​ ជាទូទៅ ការបែងចែកចំណាត់ថ្នាក់របស់អ្នកធ្វើដំណើរដែលអាចនឹងមានលក្ខណៈសម្បតិ្តសម្រាប់ការលើកលែងរួមមាន៖

  • បុគ្គលដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ​ស៊ីរ៉ី ស៊ូដង់ លីបេរីយ៉ា សូម៉ាលី និង/ឬប្រទេសយ៉េមែនដើម្បីបំពេញការងារជាលក្ខណៈផ្លូវការរបស់អង្គការអន្តរជាតិ អង្គការក្នុងតំបន់ ឬអង្គការថ្នាក់ក្រោមជាតិផ្សេងៗ។
  • បុគ្គលដែលធ្លាប់បានធ្វើដំណើរទៅប្រទេស អ៊ីរ៉ាក់ អ៊ីរ៉ង់ ​ស៊ីរ៉ី ស៊ូដង់ លីបេរីយ៉ា សូម៉ាលី និង/ឬប្រទេសយ៉េមែនដើម្បីបំពេញការងាររបស់អង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល (NGO)។ និង
  • បុគ្គលដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ​ស៊ីរ៉ី ស៊ូដង់ លីបេរីយ៉ា សូម៉ាលី និង/ឬប្រទេសយ៉េមែនដើម្បីបំពេញការងារជាអ្នកការសែត អ្នកសារពត៌មានក្នុងគោលបំណងទៅយកពត៌មាន។
  • បុគ្គលដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងការងារផ្លូវការ ឬជំនួញស្របច្បាប់ក្រោយពីបានបញ្ចប់​គម្រោង Joint Comprehensive Plan of Action (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ2015)។ និង
  • បុគ្គលដែលធ្លាប់បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងការងារផ្លូវការ ឬជំនួញស្របច្បាប់ណាមួយ។

ការធ្វើបច្ចុប្បន្នភាពនៃទម្រង់ ESTA អាចធ្វើទៅបាន។ ទម្រង់ថ្មីនេះមានសំណួរបន្ថែមអំពីល័ក្ខខ័ណ្ឌតម្រូវថ្មីសម្រាប់ការធ្វើដំណើរដែលមានចែងនៅក្នុងច្បាប់។ យើងសំណូមពរអោយអ្នកធ្វើដំណើរដែលស្នើសុំ ESTA ប្រើប្រាស់ប្រព័ន្ធដែលមានភាពប្រសើរនេះ ដែលនឹងជួយដល់ការកំណត់អំពីការលើកលែងណាមួយ។ សូមជំរាបថាមិនមានទម្រង់ដាច់ដោយឡែកសម្រាប់សំណើសុំការលើកលែងទេ។

សម្រាប់បុគ្គលដែលទទួលបានការអនុញ្ញាតិ ESTA រួចហើយ សូមពិនិត្យមើលស្ថានភាព ESTA របស់គេនៅក្នុងគេហទំព័រ CBP មុនពេលធ្វើដំណើរ។

សុពលភាពនៃលិខិតឆ្លងដែន៖ 

អ្នកធ្វើដំណើរទៅសហរដ្ឋអាមេរិកទាំងអស់ត្រូវតែមានលិខិតឆ្លងដែនដែលមានសុពលភាពនៅសល់រយៈពេលប្រាំមួយខែ ក្រោយពីរយៈពេលដែលពួកគេស្នាក់នៅសហរដ្ឋអាមេរិក លើកលែងតែមានកិច្ចព្រមព្រៀងជាក់លាក់ជាមួយប្រទេសទាំងនោះ យល់ព្រមផ្តល់នូវការលើកលែងនេះ។ ប្រសិនបើអ្នកធ្វើដំណើរដោយមិនមានទិដ្ឋាការតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ លិខិតឆ្លងដែនរបស់អ្នកត្រូវតែមានសុពលភាពនៅសល់យ៉ាងតិច 90ថ្ងៃ។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកនៅមានសុពលភាពតិចជាង 90ថ្ងៃនោះ គេនឹងអនុញ្ញាតឲ្យអ្នកចូលសហរដ្ឋអាមេរិក ត្រឹមថ្ងៃដែលលិខិតឆ្លងដែនរបស់អ្នកនៅមានសុពលភាពតែប៉ុណ្ណោះ។

ប្រសិនបើអ្នកជាអ្នកធ្វើដំណើរពីប្រទេស VWP ណាមួយ ហើយលិខិតឆ្លង ដែនរបស់អ្នកមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវទាំងនេះ អ្នកគួរតែរកលិខិតឆ្លងដែនថ្មីដែលអនុលោមតាម VWP ពីអាជ្ញាធរលិខិតឆ្លងដែននៅក្នុងប្រទេសដែលអ្នកមានសញ្ជាតិនោះ។ បើពុំនោះអ្នកនឹងមិនអាចធ្វើដំណើរតាមកម្មវិធី VWP បានទេ ហើយអ្នកត្រូវតែសុំទិដ្ឋាការដោយប្រើលិខិតឆ្លងដែនដែលមានសុពលភាពទើបអាចចូលទៅសហរដ្ឋអាមេរិកបាន។

ការបាត់បង់សិទ្ធិ

អ្នកដំណើរមួយចំនួនប្រហែលជាមិនអាចចូលទៅសហរដ្ឋអាមេរិកដោយគ្មានទិដ្ឋាការ តាមកម្មវិធី VWP បានទេ។ អ្នកទាំងនេះមានជាអាទិ៍ ជនដែលធ្លាប់ត្រូវបានគេចាប់ខ្លួន ទោះបីជាការចាប់ខ្លួននោះមិនត្រូវបានផ្ដន្ទាទោសជាបទល្មើសព្រហ្មទណ្ឌក៏ដោយ ជនដែលមានប្រវត្តិពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌ (ទោះបីជាទទួលបាននិទ្ទោសកម្ម ការលើកលែងទោស ឬការអត់ឱនទោសឲ្យក៏ដោយ) ជនដែលមានជំងឺឆ្លងកំរិតធ្ងន់ធ្ងរមួយចំនួន ជនដែលធ្លាប់ត្រូវបានគេបដិសេធមិនឲ្យចូលសហរដ្ឋអាមេរិក ឬជនដែលធ្លាប់ត្រូវបានគេនិរទេសចេញពីសហរដ្ឋអាមេរិក ឬក៏អ្នកដែលធ្លាប់បានស្នាក់នៅហួសរយៈពេលកំណត់របស់កម្មវិធីលើកលែងទិដ្ឋាការ។ អ្នកធ្វើដំណើរទាំងនេះត្រូវតែដាក់ពាក្យសុំទិដ្ឋាការ។ ប្រសិនបើពួកគេចង់ធ្វើដំណើរដោយមិនមានទិដ្ឋាការ ពួកគេអាចនឹងត្រូវគេបដិសេធមិនឲ្យចូលទៅសហរដ្ឋអាមេរិក។

យោងតាមច្បាប់ស្តីពីការពង្រឹងកម្មវិធីលើកលែងទិដ្ឋាការ​  និងការទប់ស្កាត់ការធ្វើដំណើរបស់ភេរវករ ឆ្នាំ​២០១៥ បុគ្គលដែលធ្លាប់បានធ្វើដំណើរ ឬក៏កំពុងតែមានវត្តមាននៅប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ ឬប្រទេសស៊ីរ៉ី កាលពីថ្ងៃទី​១ ខែមិនា ឆ្នាំ២០១១ ឬក្រោយពីថ្ងៃនេះ​​ (ការលើកលែងគឺសម្រាប់តែបុគ្គលដែលធ្វើដំណើរទៅបំពេញការងារការទូត ឬក៏កិច្ចការខាងផ្នែកយោធាក្នុងនាមប្រទេសដែលជាភាគីរបស់កម្មវិធីលើកលែងទិដ្ឋាការ) ឬអ្នកធ្វើដំណើរទាំងឡាយណាដែលមានសញ្ជាតិអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ូដង់ ឬសញ្ជាតិស៊ីរ៉ី លែងមានលក្ខណៈសម្យត្តិអាចធ្វើដំណើរដោយប្រើប្រាស់កម្មវីធីលើកលែងទិដ្ឋាការនេះបានទៀតហើយ។  សូមអានព័ត៌មានបន្ថែមក្នុងគេហទំព័រនេះអំពីការផ្លាស់ប្តូរនៃច្បាប់ស្តីពីការពង្រឹងកម្មវិធីលើកលែងទិដ្ឋាការ និងការទប់ស្កាត់ការធ្វើដំណើររបស់ភេរវករ ឆ្នាំ​២០១៥​។

អ្នកដំណើរដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍តូចតាច ដែលមិនបណ្តាលឲ្យមានការចាប់ខ្លួន និង/ឬត្រូវគេផ្ដន្ទាទោសចំពោះបទល្មើសនោះ អាចធ្វើដំណើរដោយមិនមានទិដ្ឋាការបាន ប្រសិនបើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប្រសិនបើបទល្មើសចរាចរណ៍នោះបានកើតឡើងក្នុងកំឡុងពេលដែលអ្នកស្នាក់នៅសហរដ្ឋអាមេរិក ហើយអ្នកត្រូវបង់ប្រាក់ថ្លៃផាកពិន័យច្រើន ឬក៏ខកខានក្នុងការចូលរួមសវនាការ គេប្រហែលជាចេញដីកាចាប់ខ្លួនអ្នក ហើយអ្នកនឹងត្រូវប្រឈមុខនឹងបញ្ហានៅពេលដាក់ពាក្យសុំចូលទៅសហរដ្ឋអាមេរិក។ ដូច្នេះអ្នកគួរតែដោះស្រាយបញ្ហានេះអោយបានរួចរាល់មុនពេលធ្វើដំណើរ ដោយទាក់ទងទៅតុលាការណាដែលអ្នកត្រូវទៅបង្ហាញខ្លួន។ ប្រសិនបើអ្នកមិនស្គាល់អាស័យដ្ឋានរបស់តុលាការទេនោះ អ្នកអាចរកព័ត៌មានពីគេហទំព័រ www.refdesk.com.


ការធ្វើដំណើរដោយមិនមានទិដ្ឋាការមិនអនុញ្ញាតិចំពោះអ្នកដែលគ្រោងទៅសិក្សា ទៅធ្វើការ ទៅស្នាក់នៅសហរដ្ឋអាមេរិកយូរជាង 90ថ្ងៃ ឬក៏អ្នកដែលអាចនឹងផ្លាស់ប្ដូរស្ថានភាព (ពីទេសចរទៅជាសិស្ស និស្សិត ...) នៅពេលទៅដល់សហរដ្ឋអាមេរិក។ អ្នកធ្វើដំណើរទាំងនេះត្រូវការទិដ្ឋាការ។ ប្រសិនបើមន្ត្រីអន្តោប្រវេសន៍ដឹងថាអ្នកដំណើរ VWP ណាម្នាក់នឹងធ្វើដំណើរទៅសិក្សា ទៅធ្វើការ ឬទៅស្នាក់នៅយូរជាងរយៈពេល 90ថ្ងៃនោះ មន្ត្រីនោះនឹងបដិសេធអ្នកមិនអោយចូលទៅសហរដ្ឋអាមេរិកឡើយ។

បេក្ខជនពីប្រទេសកាណាដា និងប្រទេសម៉ិចស៊ីក

ប្រទេសកាណាដា ម៉ិចស៊ីក និងប៊ឺមូដា មិនមែនជាប្រទេសដែលចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការទេ។ ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិបានដាក់បញ្ចូលបទបញ្ញត្តិផ្សេងទៀតសម្រាប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការដល់ជនជាតិកាណាដា និងប៊ឺមូដា ដោយសារស្ថានភាពជាក់លាក់មួយចំនួន។ សូមមើលពលរដ្ឋកាណាដា និងប៊ឺមូដា

ដោយសារពួកគេមិនមែនជាប្រទេសនៃកម្មវិធីលើកលែងទិដ្ឋាការ តម្រូវការនៃ VWP សម្រាប់លិខិតឆ្លងដែនដែលអានដោយម៉ាស៊ីនបាន មិនចាំបាច់អនុវត្តចំពោះជនជាតិកាណាដា ម៉ិចស៊ីក និងប៊ឺមូដាទេ។ ជាមួយគ្នានេះដែរ សូមចងចាំថាពលរដ្ឋមួយចំនួននៃប្រទេសកាណាដា និងប៊ឺមូដា ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក តម្រូវឲ្យមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍។

ការបដិសេធ ESTA

អ្នកដំណើរដែលត្រូវបានគេបដិសេធ ESTA មិនអាចធ្វើដំណើរតាមកម្មវិធី VWP បានឡើយ។ សូមដាក់ពាក្យសុំទិដ្ឋាការមុនពេលធ្វើដំណើរ។
សំណួរ-ចំងល់ផ្សេងៗស្តីអំពីដំណើរការ ESTA គួរតែផ្ញើរដោយផ្ទាល់ទៅក្រសួងសន្តិសុខមាតុភូមិ