អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ថ្លៃដាក់ពាក្យសុំទិដ្ឋាការ

ថ្លៃដាក់ពាក្យសុំទិដ្ឋាការ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

បេក្ខជនសុំទិដ្ឋាការទាំងអស់រួមទាំងកុមារផងដែរ ត្រូវតែបង់ប្រាក់ថ្លៃដាក់ពាក្យសុំមុនពេលដាក់ពាក្យសុំទិដ្ឋាការ ហើយការបង់ប្រាក់នេះ ពេលខ្លះត្រូវបានគេហៅថាជាតម្លៃ MRV មានន័យថាទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញ ឬមិនអាចផ្ទេរពីបេក្ខជនម្នាក់ទៅបេក្ខជនម្នាក់ទៀតបានទេ ។ ថ្លៃដាក់ពាក្យសុំទិដ្ឋាការត្រូវតែបង់មុន ដោយមិនគិតថាតើអាចចេញទិដ្ឋាការជូនបានឬមិនបាននោះទេ។ ប្រភេទទិដ្ឋាការដែលអ្នកដាក់ពាក្យសុំនឹងកំណត់អំពីតម្លៃដែលអ្នកត្រូវបង់។ យោងទៅតាមសញ្ជាតិរបស់អ្នក និងប្រភេទទិដ្ឋាការដែលអ្នកកំពុងដាក់ពាក្យសុំ អ្នកក៏ប្រហែលជានឹងត្រូវបង់ប្រាក់ថ្លៃចេញទិដ្ឋាការ ឬ ថ្លៃបដិភាគ (Reciprocity) ផងដែរ។ គេហទំព័រនេះរៀបរាប់អំពីថ្លៃដាក់ពាក្យសុំទិដ្ឋាការ រួមទាំងប្រភេទនៃទិដ្ឋាការមិនមែនអន្តោប្រវេសន៍នីមួយៗ។
សូមសម្គាល់ថា តារាងខាងក្រោមនេះគឺតម្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តែប៉ុណ្ណោះ។

ព័ត៌មានអំពីការបង់ប្រាក់

ទោះបីជាថ្លៃដាក់ពាក្យសុំទិដ្ឋាការត្រូវបានរាយតម្លៃជាដុល្លាសហរដ្ឋអាមេរិកក៏ដោយ ក៏ការបង់ប្រាក់ជាក់ស្តែងអាចបង់ជាដុល្លាសហរដ្ឋអាមេរិក ឬ ជារូបិយវត្ថុក្នុងស្រុកក៏បាន។ អ្នកអាចបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការនៅទីតាំងសាខាធនាគារ ACLEDA ណាមួយក៏បានដែរ។ ព័ត៌មានបន្ថែមអំពីជម្រើសនៃការបង់ប្រាក់មាននៅទីនេះ។ ដើម្បីរកអាស័យដ្ឋានសាខាធនាគារ ACLEDA ណាមួយ សូមចុច ទីនេះ

ការកំណត់លក្ខខ័ណ្ឌ

តម្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួចមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ ហើយទឹកប្រាក់ដែលបានបង់នេះក៏មិនអាចផ្ទេរទៅឲ្យបេក្ខជនណាផ្សេងទៀតបានដែរ។ បន្ទាប់ពីបានបង់ប្រាក់រួច អ្នកនឹងទទួលបានវិក័យប័ត្រទទួលប្រាក់មួយ។ វិក័យប័ត្រទទួលប្រាក់នេះមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃដែលបានបង់ប្រាក់ ហើយអាចឲ្យអ្នកប្រើប្រាស់ក្នុងការណាត់ពេលវេលាសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកបាន។ អ្នកត្រូវណាត់ពេលវេលាសម្ភាសន៍ក្នុងកំឡុងពេលដែលវិក័យប័ត្រនេះនៅមានសុពលភាព គឺមានន័យថាការណាត់សម្ភាសន៍ត្រូវតែធ្វើឡើងនៅក្នុងកំឡុងពេលមួយឆ្នាំបន្ទាប់ពីអ្នកបានបង់ប្រាក់ថ្លៃទិដ្ឋាការនោះ។ ប្រសិនបើអ្នកខកខានមិនបានណាត់ពេលវេលាសម្ភាសន៍ក្នុងអំឡុងពេលមួយឆ្នាំនៃការបង់ប្រាក់ទេនោះ វិក័យប័ត្ររបស់អ្នកនឹងផុតសុពលភាព ហើយអ្នកក៏មិនអាចណាត់ពេលវេលាសម្ភាសន៍បានដែរ អ្នកត្រូវតែបង់ប្រាក់សាជាថ្មីម្ដងទៀត ដើម្បីដំណើរការពាក្យសុំសាជាថ្មីទៀត។ 

ប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំ

តម្លៃដាក់ពាក្យសុំដែលរៀបរាប់ខាងក្រោមនេះ គឺជាតម្លៃសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការមួយដង។ តម្លៃដាក់ពាក្យសុំសម្រាប់ប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ភាគច្រើនគឺ 160ដុល្លាសហរដ្ឋអាមេរិក។ តម្លៃនេះគឺសម្រាប់ទិដ្ឋាការប្រភេទទេសចរ មុខជំនួញ សិស្សនិស្សិត និងទិដ្ឋាការសម្រាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា។ ទិដ្ឋាការដែលតម្រូវអោយដាក់ឯកសារធានាភាគច្រើនដូចជាប្រភេទទិដ្ឋាការសំរាប់ការងារ និងសំរាប់កិច្ចការសាសនាមានតម្លៃ 19០ដុល្លាសហរដ្ឋអាមេរិក។ ទិដ្ឋាការប្រភេទ K តម្លៃ265ដុល្លាសហរដ្ឋអាមេរិក ហើយទិដ្ឋាការប្រភេទ E តម្លៃ 2០5ដុល្លាសហរដ្ឋអាមេរិក។ តារាងខាងក្រោមនេះរៀបរាប់អំពីប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំទិដ្ឋាការប្រភេទនីមួយៗ៖

ប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំ - រៀបតាមចំណាត់ថ្នាក់នៃតម្លៃទិដ្ឋាការ
តម្លៃដាក់ពាក្យសុំ (US$) ប្រភេទទិដ្ឋាការ ការពិពណ៌នាអំពីប្រភេទទិដ្ឋាការ
$160 B ជំនួញ ទេសចរ
$160 C-1 ឆ្លងកាត់
$160 D នាវិក អាកាសយានិក
$160 F សិស្ស និស្សិត (ចំណេះទូទៅ)
$160 I អ្នកកាសែត និងអ្នកសារព័ត៌មាន
$160 J ទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា
$160 M សិស្ស និស្សិត (វិជ្ជាជីវៈ)
$160 T ជនរងគ្រោះពីការជួញដូរមនុស្ស
$160 TN/TD ទីប្រឹក្សា NAFTA
$160 U ជនរងគ្រោះដោយសកម្មភាពឧក្រិដ្ឋកម្ម
$190 H កម្មករ និយោជិតបណ្តោះអាសន្ន ឬតាមរដូវកាល
អ្នកហ្វឹកហាត់ការងារ
$190 L បុគ្គលិកផ្លាស់ប្តូររវាងក្រុមហ៊ុន និងក្រុមហ៊ុន
$190 O បុគ្គលដែលមានទេពកោសល្យពិសេស
$190 P អត្តពលករ សិល្បករ និងអ្នកបង្កើតកម្មវិធីកំសាន្ត
$190 Q ការផ្លាស់ប្ដូរវប្បធម៌ជាលក្ខណៈអន្តរជាតិ
$190 R បុគ្គលិកវិស័យសាសនា
$265 K គូដណ្ដឹង ឬប្តីប្រពន្ធរបស់ពលរដ្ឋអាមេរិក
$205 E អ្នកជំនួញ ឬវិនិយោគិន អ្នកជំនាញឯកទេសអូស្ត្រាលី
ប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំ- រៀបតាមលំដាប់នៃប្រភេទទិដ្ឋាការ
ប្រភេទទិដ្ឋាការ ការពិពណ៌នាអំពីប្រភេទទិដ្ឋាការ

តម្លៃដាក់
ពាក្យសុំ

(USD$)

B ជំនួញ ទេសចរ $160
C-1 ឆ្លងកាត់ $160
D នាវិក អាកាសយានិក $160
E អ្នកជំនួញ ឬវិនិយោគិន អ្នកជំនាញឯកទេសអូស្ត្រាលី $205
F សិស្ស និស្សិត (ចំណេះទូទៅ) $160
H កម្មករ និយោជិត បណ្តោះអាសន្ន ឬតាមរដូវកាល អ្នកហ្វឹកហាត់ការងារ $190
I អ្នកកាសែត និងអ្នកសារព័ត៌មាន $160
J ទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា $160
K គូដណ្ដឹង ឬប្តីប្រពន្ធរបស់ពលរដ្ឋអាមេរិក $265
L បុគ្គលិកផ្លាស់ប្តូររវាងក្រុមហ៊ុន និងក្រុមហ៊ុន $190
M សិស្ស និស្សិត (វិជ្ជាជីវៈ) $160
O បុគ្គលដែលមានទេពកោសល្យជាពិសេស $190
P អត្តពលករ អ្នកសិល្បៈ និងអ្នកបង្កើតកម្មវិធីកំសាន្ត $190
Q ការផ្លាស់ប្ដូរវប្បធម៌ជាលក្ខណៈអន្តរជាតិ $190
R បុគ្គលិកវិស័យសាសនា $190
T ជនរងគ្រោះពីការជួញដូរមនុស្ស $160
U ជនរងគ្រោះដោយសកម្មភាពឧក្រិដ្ឋកម្ម $160
TN/TD ទីប្រឹក្សា NAFTA $160

ប្រភេទទិដ្ឋាការ និងលក្ខខ័ណ្ឌដែលមិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំ

  • បេក្ខជនសុំទិដ្ឋាការប្រភេទ A, G, C-2, C-3, NATO និងទិដ្ឋាការការទូត (ដូចបានកំណត់ក្នុងមាត្រា 22 CFR 41.26);
  • បេក្ខជនទិដ្ឋាការប្រភេទ J ដែលទៅចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្ដូរការសិក្សាអប់រំ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដែលឧបត្ថម្ភជាផ្លូវការដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក;
  • ការចេញទិដ្ឋាការ (ដែលអាចអានដោយម៉ាស៊ីន) សាជាថ្មី ក្នុងរយៈពេលមួយឆ្នាំនៃការចេញទិដ្ឋាការនោះ នៅពេលដែលទិដ្ឋាការមុនមិនបានបិទភ្ជាប់ត្រឹមត្រូវ ឬត្រូវចេញទិដ្ឋាការឲ្យម្តងទៀតដោយសាកំហុសណាមួយដែលមិនមែនបេក្ខជនជាអ្នកបង្កឡើង;
  • បេក្ខជនទិដ្ឋាការដែលទទួលបានការលើកលែងថ្លៃដាក់ពាក្យសុំ តាមរយៈកិច្ចព្រមព្រៀងជាលក្ខណៈអន្តរជាតិ រួមមានសមាជិក និងបុគ្គលិកនៃបេសកកម្មអង្កេតការ ដែលទៅបំពេញការងារនៅទីស្នាក់ការអង្គការសហប្រជាជាតិ ហើយដែលបេសកកម្មរបស់ពួកគេទទួលស្គាល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិ សមាជិកគ្រួសារខ្សែផ្ទាល់របស់ពួកគេក៏ទទួលបានការលើកលែងនេះដែរ;
  • បេក្ខជនទិដ្ឋាការដែលធ្វើដំណើរដើម្បីសកម្មភាពសប្បុរសធម៌មួយចំនួន;
  • និយោជិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលធ្វើដំណើរដើម្បីទៅបំពេញការងារផ្លូវការ និង;
  • ឪពុកឬម្ដាយ, បងប្អូនបង្កើត, ប្តីឬប្រពន្ធ ឬកូនរបស់និយោជិតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលត្រូវបានគេសម្លាប់ក្នុងពេលបំពេញភារកិច្ច ហើយពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅចូលរួមពិធីបុណ្យសព និងឬ ពិធីបញ្ចុះសពរបស់និយោជិតរូបនោះ ឬក៏ឪពុកឬម្ដាយ, បងប្អូនបង្កើត, ប្តីឬប្រពន្ធ, កូនប្រុស ឬកូនស្រីរបស់និយោជិតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានរងរបួសធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ច ហើយពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្នុងអំឡុងពេលដែលនិយោជិតរូបនោះកំពុងទទួលការព្យាបាលជាបន្ទាន់ និងសម្រាកឲ្យជាសះស្បើយឡើងវិញ។

តម្លៃពាក់ព័ន្ធផ្សេងៗទៀត

ក្នុងករណីខ្លះ តម្លៃទិដ្ឋាការបន្ថែមត្រូវបង់ដោយផ្ទាល់អោយមជ្ឈមណ្ឌលជាតិទិដ្ឋាការ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក ឬក៏បង់ទៅអោយក្រសួងសន្តិសុខមាតុភូមិ។

តម្លៃនៃការចេញទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (Reciprocity)

បេក្ខជនទិដ្ឋាការពីបណ្តាប្រទេសមួយចំនួន អាចត្រូវបានគេតម្រូវឲ្យបង់ថ្លៃនៃការចេញទិដ្ឋាការ បន្ទាប់ពីគេយល់ព្រមចេញទិដ្ឋាការអោយ។ តម្លៃនេះគឺផ្អែកលើ "Reciprocity" (ចំនួនទឹកប្រាក់ដែលប្រទេសនោះគិតពីពលរដ្ឋសហរដ្ឋអាមេរិក សម្រាប់ប្រភេទទិដ្ឋាការស្រដៀងគ្នានេះ)។ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងលុបបំបាត់ថ្លៃចេញទិដ្ឋាការនេះគ្រប់ពេលដែលអាចធ្វើបាន ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលប្រទេសណាមួយគិតថ្លៃសេវាទាំងនេះពីពលរដ្ឋសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏ត្រូវតែកំណត់ថ្លៃ "Reciprocity") ពីពលរដ្ឋរបស់ប្រទេសនោះវិញដែរ។ គេហទំព័ររបស់ក្រសួងការបរទេសមានព័ត៌មានជាច្រើនទៀតអំពីថ្លៃចេញទិដ្ឋាការ និងមានព័ត៌មានថាតើអ្នកត្រូវបង់ថ្លៃចេញទិដ្ឋាការនោះដែរឬអត់។

ថ្លៃ SEVIS

ប្រព័ន្ធព័ត៌មានសម្រាប់សិស្ស និសិ្សត និងទស្សនកិច្ចផ្លាស់ប្តូរការសិក្សា (SEVIS) គឺជាប្រព័ន្ធអ៊ីនធើណិតដែលគ្រប់គ្រងបេក្ខជនទិដ្ឋាការប្រភេទ F M និង J (ព្រមទាំងសមាជិកក្រុមគ្រួសាររបស់គេ) តាំងពីពេលដែលពួកគេទទួលបានឯកសារពីដំបូង (ដូចជាទម្រង់ I-20 ឬ DS-2019) រហូតដល់ពេលដែលពួកគេបញ្ចប់ការសិក្សា ឬបញ្ចប់ទស្សនកិច្ច។
ចំពោះបេក្ខជនគោលដែលសុំទិដ្ឋាការប្រភេទ F M និង J៖ សូមប្រឹក្សាជាមួយសាលានៅសហរដ្ឋអាមេរិក ដើម្បីឲ្យប្រាកដថាព័ត៌មានរបស់អ្នកត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ SEVIS ។ អ្នកត្រូវតែបង់ប្រាក់ថ្លៃ SEVIS ដាច់ដោយឡែកបន្ថែមពីលើថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ ចំពោះបេក្ខជនជាសិស្ស និស្សិតដែលមានទម្រង់ I-20 តម្លៃ SEVIS គឺ 200ដុល្លាសហរដ្ឋអាមេរិក។ ចំពោះបេក្ខជនចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្ដូរការសិក្សាភាគច្រើនដែលប្រើទម្រង់ DS-2019 ថ្លៃ SEVIS គឺ 180ដុល្លាសហរដ្ឋអាមេរិក ។ ភស្តុតាងអំពីការបង់ប្រាក់នេះគឺចាំបាច់ត្រូវតែបង្ហាញមុនពេលដែលយើងអាចចេញទិដ្ឋាការប្រភេទទាំងនេះជូនបេក្ខជនបាន។ ការបង់ប្រាក់ថ្លៃ SEVIS នេះមិនអាចបង់នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកបានទេ។ សេចក្ដីណែនាំអំពីការបង់ប្រាក់ថ្លៃ SEVIS អាចរកបាននៅ 
ទីនេះ

ការលើកលែងថ្លៃ SEVIS

បេក្ខជនទិដ្ឋាការដែលទៅចូលរួមក្នុងកម្មវិធីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកឧបត្ថម្ភ (ដែលមានលេខកូដកម្មវិធីចាប់ផ្តើមដោយអក្សរ G1, G2, G3, G7) មិនចាំបាច់បង់ប្រាក់ថ្លៃ SEVIS នោះទេ។

ថ្លៃសម្រាប់ទិដ្ឋាការ Blanket L (ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំ)

បេក្ខជនគោលដែលសុំទិដ្ឋាការប្រភេទ Blanket L ត្រូវតែបង់ប្រាក់ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំចំនួន 500ដុល្លាសហរដ្ឋអាមេរិក អ្នកធានា (Petitioner) នៅសហរដ្ឋអាមេរិកជាអ្នកបង់ប្រាក់ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំនេះ រួមជាមួយ នៅពេលដាក់ឯកសារធានាទិដ្ឋាការប្រភេទ L, H-1B និង H-2B នៅ USCIS។