អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ទិដ្ឋាការឆ្លងកាត់/កងនាវិកកប៉ាល់

ទិដ្ឋាការសម្រាប់ឆ្លងកាត់ កងនាវិក

លើទំព័រនេះ


សំណួរដែលសួរជាញឹកញាប់ (FAQ)

ព័ត៌មានទូទៅ

ទិដ្ឋាការសម្រាប់ឆ្លងកាត់ (ទិដ្ឋាការប្រភេទ C)

ពលរដ្ឋនៃបណ្តាប្រទេសនានាដែលត្រូវធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក (ទោះបីជាការឆ្លងកាត់រយៈពេលខ្លីភ្លាមៗ ឬជាបន្តបន្ទាប់) ទៅកាន់ប្រទេសផ្សេងៗទៀតក៏ដោយ ក៏តម្រូវអោយមានទិដ្ឋាការសម្រាប់ឆ្លងកាត់។ ការលើកលែងចំពោះតម្រូវការនេះគឺសម្រាប់តែអ្នកធ្វើដំណើរដែលមានសិទ្ធិអាចឆ្លងកាត់សហរដ្ឋអាមេរិកដោយមិនមានទិដ្ឋាការតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ឬអ្នកដំណើរដែលជាជនជាតិនៃប្រទេសដែលមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលទទួលបានការអនុញ្ញាតឱ្យពលរដ្ឋរបស់ពួកគេអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការតែប៉ុណ្ណោះ។

ប្រសិនបើអ្នកដំណើរទាំងនោះមានគម្រោងឈប់សម្រាកនៅសហរដ្ឋអាមេរិកសម្រាប់គោលបំណងផ្សេងក្រៅពីការធ្វើដំណើរឆ្លងកាត់ ដូចជាទៅ លេងមិត្តភក្តិឬសម្រាប់ការកំសាន្តផ្សេងៗ ពួកគេត្រូវមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ហើយត្រូវមានទិដ្ឋាការប្រភេទដែលសមស្របសម្រាប់ គោលបំណងនោះ ដូចជាទិដ្ឋាការប្រភេទ B-2 ជាដើម។

ទិដ្ឋាការសម្រាប់កងនាវិក (ទិដ្ឋាការប្រភេទ D)

សមាជិកកងនាវិកដែលបម្រើការងារលើនាវាក្នុងលំហសមុទ្រឬកងយានិកដែលបំរើការនៅលើយន្តហោះនៅក្នុងដែនដីសហរដ្ឋអាមេរិកត្រូវការទិដ្ឋាការសម្រាប់កងនាវិក។ សមាជិកកងយានិក ឬកងនាវិកផ្សេងៗដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ដែនដី ឬដែនទឹកសហរដ្ឋអាមេរិក ជាទូទៅត្រូវប្រើទិដ្ឋាការរួមបញ្ចូលគ្នាសម្រាប់ឆ្លងកាត់ ឬកងនាវិក (C-1/D)។ ទោះជាដូចនេះក៏ដោយក្នុងស្ថានភាពមួយចំនួន ពួកគេអាចនឹងតម្រូវអោយមានទិដ្ឋាការប្រភេទ D តែប៉ុណ្ណោះ។

សម្រាប់បេក្ខជនដែលកាន់លិខិតឆ្លងដែនកម្ពុជា ពួកគេមិនអាចទទួល ទិដ្ឋាការប្រភេទ C-1/D បានទេ។ ប្រសិនបើពួកគេត្រូវការទិដ្ឋាការប្រភេទ C-1/D ពួកគេត្រូវបំពេញពាក្យសុំទិដ្ឋាការទម្រង់ DS-160 ចំនួនពីរ គឺពាក្យសុំមួយសម្រាប់ទិដ្ឋាការប្រភេទ C-1 និងពាក្យសុំមួយទៀតសម្រាប់ទិដ្ឋាការប្រភេទ D ។ ម្យ៉ាងទៀតពួកគេត្រូវបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការចំនួនពីរដែរ។
សមាជិកកងនាវិកដែលធ្វើការនៅក្នុងកប៉ាល់សមុទ្រដែលស្ថិតនៅផ្ទៃទឹកខាងក្រៅអាចមានលក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការប្រភេទ B-1 ជាជាងទិដ្ឋាការសម្រាប់កងនាវិក។

សមាជិកកងនាវិកដែលត្រូវធ្វើដំណើរមកសហរដ្ឋអាមេរិកក្នុងអំឡុងពេលឈប់សំរាកពីការងារគួរតែសុំទិដ្ឋាការប្រភេទ B-1/B-2 ដើម្បីការសម្រាកវិស្សមកាលជាលក្ខណៈផ្ទាល់ខ្លួនរបស់គេ។ បេក្ខជនដែលមានសញ្ជាតិកម្ពុជាដែលដាក់ពាក្យសុំទិដ្ឋាការប្រភេទ C-1, ប្រភេទ D និងប្រភេទ B-1/B-2 ក្នុងពេលជាមួយគ្នាត្រូវបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការចំនួនពីរដែរ។

លក្ខណៈសម្បត្តិសម្រាប់ទិដ្ឋាការ

ដើម្បីដាក់ពាក្យសុំទិដ្ឋាការឆ្លងកាត់ អ្នកត្រូវតែបង្ហាញថា៖

  • មានបំណងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកក្នុងរយៈពេលខ្លី និងជាបន្តបន្ទាប់។
  • សំបុត្រយន្តហោះ ឬភស្តុតាងផ្សេងទៀតដែលបញ្ជាក់ពីផែនការធ្វើដំណើរទៅកាន់គោលដៅរបស់អ្នក។
  • ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយក្នុងកំឡុងពេលធ្វើដំណើរឆ្លងកាត់នោះ។
  • ការអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសគោលដៅបន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិករួចហើយ។

ដើម្បីដាក់ពាក្យសុំទិដ្ឋាការប្រភេទ C ប្រភេទ D ឬប្រភេទ C-1/D អ្នកត្រូវពន្យល់បង្ហាញទៅមន្រ្តីកុងស៊ុលថា៖

  • គោលបំណងនៃការចូលទៅសហរដ្ឋអាមេរិកគឺសម្រាប់ការធ្វើដំណើរឆ្លងកាត់ ឬក្នុងនាមជាសមាជិកកងយានិកកងនាវិកតែប៉ុណ្ណោះ។
  • ទោះជាយ៉ាងណាក៏ដោយ ក្នុងកំឡុងពេលពេលស្ថិតនៅសហរដ្ឋអាមេរិក អ្នកនឹងមិនទទួលបានប្រាក់កំរៃពីប្រភពណាមួយនៅសហរដ្ឋអាមេរិកនោះទេ លើកលែងតែក្នុងករណីដែលអ្នកទទួលបានការអនុម័តតាមរយៈទិដ្ឋាការប្រភេទការងារជាលក្ខណៈបណ្តោះអាសន្ន។
  • អ្នកមានគម្រោងនឹងស្នាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលកំណត់ជាក់លាក់មួយ។
  • អ្នកមានភស្តុតាងបញ្ជាក់ពីថវិកាសម្រាប់ចំណាយក្នុងខណៈពេលស្ថិតនៅសហរដ្ឋអាមេរិក។

សំណុំឯកសារនៃពាក្យសុំ

ដើម្បីដាក់ពាក្យសុំទិដ្ឋាការឆ្លងកាត់ ឬទិដ្ឋាការសម្រាប់សមាជិកកងនាវិក អ្នកត្រូវមានឯកសារដូចខាងក្រោមនេះ៖

  • ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលបំពេញតាមប្រព័ន្ធវិបសាយ ទម្រង់ DS-160 ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះសម្រាប់ព័ត៌មាន បន្ថែមអំពីទម្រង់ DS-160។
  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយនៅ មានសុពលភាពយ៉ាងតិចបំផុតប្រាំមួយខែក្រោយពីរយៈពេលដែលអ្នកគ្រោងទៅស្នាក់នៅសហរដ្ឋអាមេរិក (លើកលែងតែក្នុងករណីដែលមាន កិច្ចព្រមព្រៀងពីបណ្តាប្រទេសទាំងនោះយល់ព្រមផ្ដល់នូវការលើក លែងនេះ)។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានឈ្មោះបុគ្គលណា ផ្សេងទៀត បុគ្គលម្នាក់ៗដែលត្រូវការទិដ្ឋាការសហរដ្ឋអាមេរិក ត្រូវតែ ដាក់ពាក្យសុំសម្រាប់ខ្លួនគេផ្ទាល់ដែរ។
  • រូបថតមួយសន្លឹកទំហំ 2"x2" (5សម x 5សម) ដែលទើបថតក្នុង រយៈពេល៦ខែចុងក្រោយ។ សូមអានព័ត៌មានក្នុងគេហទំព័រនេះអំពីលក្ខខណ្ឌតម្រូវរបស់រូបថត។
  • វិក្កយបត្របង់ប្រាក់ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ហើយដែលទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញបានទេ។ ការបង់ប្រាក់នេះអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬរូបិយប័ណ្ណក្នុងស្រុកក៏បានដែរ។ គេហទំព័រនេះមានព័ត៌មានបន្ថែមអំពីការបង់ប្រាក់នេះ។ ប្រសិនបើគេសម្រេចផ្តល់ទិដ្ឋាការជូន ជួនកាលអ្នកអាចនឹងត្រូវបង់ប្រាក់ថ្លៃបដិភាព (Visa Issuance Reciprocity Fee) បន្ថែមខ្លះទៀត អាស្រ័យទៅតាមសញ្ជាតិរបស់អ្នក។ សូមអានគេហទំព័ររបស់ក្រសួងការបរទេស ដើម្បីឱ្យដឹងថាតើអ្នកត្រូវបង់ប្រាក់ថ្លៃបដិភាពនេះដែរឬអត់ ហើយតើមានតម្លៃប៉ុន្មានដែរ។
  • ក្នុងករណីខ្លះអ្នកត្រូវយកប័ណ្ណសំគាល់ Seaman ដែលមានសុពលភាពរហូតដល់ថ្ងៃបញ្ចប់កិច្ចសន្យាការងារ និងប័ណ្ណសំគាល់ Seaman មុនៗរបស់អ្នកមកជាមួយ។ សមាជិកងនាវិកត្រូវយក កំណត់ហេតុបញ្ជាក់ពីការបាត់បង់ប័ណ្ណសំគាល់ Seaman នេះ ប្រសិនបើគេមិនមានប័ណ្ណសំគាល់ទេនោះ។

ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើនេះ អ្នកត្រូវតែបង្ហាញលិខិតបញ្ជាក់ ការណាត់ពេលវេលាសម្ភាសន៍។ អ្នកអាចយកឯកសារយោងផ្សេងៗ ដែលអ្នកគិតថាអាចនឹងជួយគាំទ្រដល់ព័ត៌មានដែលអ្នកនឹងផ្តល់ទៅមន្រ្តីកុ ងស៊ុល។

របៀបដាក់ពាក្យសុំ

ជំហានទី 1៖

បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តាមប្រព័ន្ធវេបសាយ DS-160។

ជំហានទី 2៖

បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។

ជំហានទី 3៖

ណាត់ពេលវេលាតាមប្រព័ន្ធវិបសាយសម្រាប់សម្ភាសន៍។ ដើម្បីអាចណាត់ពេលវេលាសម្ភាសន៍បាន អ្នកត្រូវមានព័ត៌មានខាងក្រោមនេះ៖

  • លេខលិខិតឆ្លងដែន
  • លេខវិក្កយបត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ សូមចុចទីនេះ ប្រសិនបើអ្នកត្រូវការរកលេខវិក្កយបត្រ។
  • លេខដប់ខ្ទង់នៃបារកូដរបស់ទំព័របញ្ជាក់ទម្រង់ DS-160។

ជំហានទី 4៖

អញ្ជើញទៅកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកទៅតាមកាលបរិច្ឆេទ និងពេលវេលាដែលបានណាត់។ អ្នកត្រូវយកលិខិតបញ្ជាក់ការណាត់សម្ភាសន៍ ទំពរ័បញ្ជាក់របស់ទម្រង់ DS-160 រូបថតចំនួនមួយសន្លឹកដែលទើបតែថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ លិខិតឆ្លងដែនថ្មី និងលិខិតឆ្លងដែនចាស់ៗទាំងអស់ និងច្បាប់ដើមនៃវិក័យប័ត្របង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការផង។ ពាក្យសុំទិដ្ឋាការដែលមិនមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់កន្លងមកនេះនឹងមិនអាចអនុញ្ញាតិអោយសម្ភាសន៍បានទេ។

ឯកសារយោងនានា

ឯកសារយោងគឺជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗជាច្រើនទៀតដែលមន្រ្តីកុងស៊ុលនឹងពិចារណានាពេលសម្ភាសន៍។ មន្រ្តីកុងស៊ុលពិនិត្យមើលពាក្យសុំនីមួយៗដាច់ដោយឡែកពីគ្នា ហើយនឹងពិចារណាចំពោះស្ថានភាពការងារវិជ្ជាជីវៈ ស្ថានភាពសង្គម វប្បធម៌ និងស្ថានភាពផ្សេងៗទៀតដែរ។ មន្រ្តីកុងស៊ុលក៏អាចនឹងពិចារណាអំពីគោលបំណងជាក់លាក់របស់អ្នក ស្ថានភាពគ្រួសារ រួមទាំងគម្រោងផែនការរយៈពេលយូរ និងទស្សនៈវិស័យរបស់អ្នកនៅក្នុងប្រទេសដែលអ្នកកំពុងស្នាក់នៅ។ ករណីទិដ្ឋាការនីមួយៗនឹងត្រូវបានគេពិនិត្យពិចារណាជាលក្ខណៈដាច់ដោយឡែកពីគ្នា ហើយរាល់ការសម្រចចិត្តចំពោះពាក្យសុំទិដ្ឋាការត្រូវតែសមស្របទៅនឹងតម្រូវការរបស់ច្បាប់ដែរ។


សូមប្រុងប្រយ័ត្ន៖ អ្នកមិនត្រូវប្រើប្រាស់ឯកសារក្លែងក្លាយនោះទេ។ ការក្លែងបន្លំ និងការប្រើប្រាស់ឯកសារ និងព័ត៌មានមិនពិតប្រាកដណាមួយអាចបណ្តាលឱ្យអ្នកបាត់បង់សិទ្ធិមិនអាចទទួលបានទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង។ ប្រសិនបើអ្នកព្រួយបារម្ភពីការរក្សាភាពសម្ងាត់ អ្នកគួរតែយកឯកសារទាំងនេះទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយដាក់នៅក្នុងស្រោមសំបុត្រដែលបិទជិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនធ្វើឱ្យបែកធ្លាយ ឬលេចឮព័ត៌មាននេះដល់បុគ្គលណាផ្សេងទៀតឡើយ ហើយយើងនឹងគោរពដល់ការសម្ងាត់នៃព័ត៌មានទាំងនេះ។


អ្នកត្រូវយកឯកសារខាងក្រោមនេះទៅសម្ភាសន៍៖

  • ភស្តុតាងអំពីប្រាក់ចំណូលបច្ចុប្បន្ន ការបង់ប្រាក់ថ្លៃពន្ធដារ កម្មសិទ្ធិអចលទ្រព្យ ឬកម្មសិទ្ធិអាជីវកម្ម ឬទុនអចល័តផ្សេងៗ។
  • លិខិតបញ្ជាក់ពីនិយោជករបស់អ្នកដែលរៀបរាប់ពីតំណែងតួនាទី ប្រាក់បៀវត្សរ៍ រយៈពេលបំរើការងារ ការអនុញ្ញាតអោយសំរាកវិស្សមកាល និងគោលបំណងជាលក្ខណៈផ្លូវការក្នុងការធ្វើដំណើរទៅ សហរដ្ឋអាមេរិក។
  • ប្រសិនបើអាច សូមភ្ជាប់ផែនការធ្វើដំណើរ ឬផ្តល់ព័ត៌មានអំពីគម្រោងនៃការធ្វើដំណើរនោះ (អាចជាផែនការបណ្តោះអាសន្នក៏បានដែរ)។
  • សៀវភៅលេខគណនីសំចៃធនាគារ ឬភស្តុតាងផ្សេងទៀតអំពីអចលនទ្រព្យដែលបង្ហាញពីសមតុល្យក្នុងគណនីរបស់អ្នក និងសកម្មភាពនៅក្នុងខ្ទង់គណនីនោះ។
  • កិច្ចសន្យាជួល ឬប័ណ្ណសំគាល់កម្មសិទ្ធិអចលនទ្រព្យ។
  • សម្រាប់កងនាវិកសូមយកលិខិតបញ្ជាក់ពីទីស្នាក់ការរបស់ក្រុមហ៊ុន និងឬសៀវភៅ Seaman។

ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីទិដ្ឋាការឆ្លងកាត់ និងទិដ្ឋាការសម្រាប់សមាជិកកងយានិក កងនាវិក