អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ព័ត៌មានអំពីទម្រង់ DS-160

ព័ត៌មានអំពីទម្រង់ DS-160

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

បេក្ខជនទិដ្ឋាការម្នាក់ៗរួមទាំងកុមារផងដែរ ត្រូវតែមានពាក្យសុំទិដ្ឋាការគឺ ទម្រង់ DS-160 ផ្ទាល់ខ្លួនរបស់ពួកគេ។ ទម្រង់ DS-160 ត្រូវតែបំពេញ និងបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិតមុនពេលដែលពួកគេទៅសម្ភាសន៏នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ លេខបារកូដនៅលើទំព័របញ្ជាក់ទម្រង់ DS-160 គឺចាំបាច់ត្រូវមានទើបអាចណាត់ពេលវេលាសម្ភាសន៍បាន។ ទម្រង់ DS-160 ត្រូវតែបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិត។ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកនឹងមិនទទួលយកពាក្យសុំដែលសរសេរដោយដៃ ឬក៏វាយជាអក្សរពុម្ពឡើយ ហើយអ្នកក៏មិនអាចសម្ភាសន៍ដោយគ្មានទំព័របញ្ជាក់របស់ទម្រង់ DS-160 នេះបានដែរ។

នៅពេលអ្នកចុះហត្ថលេខាជាលក្ខណៈអេឡិចត្រូនិចលើទំរង់ DS-160 នេះគឺមានន័យថា អ្នកបានទទួលស្គាល់រាល់ព័ត៌មានទាំងអស់ដែលអ្នកផ្តល់នៅក្នុងពាក្យសុំគឺជាព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។ ការផ្តល់ព័ត៌មានខុសណាមួយ អាចនាំឲ្យអ្នកបាត់បង់សិទ្ធិចូលទៅសហរដ្ឋអាមេរិក។ សូមពិនិត្យសាឡើងវិញថាចម្លើយរបស់អ្នកគឺជាក់លាក់ត្រឹមត្រូវ ហើយអ្នកបានឆ្លើយគ្រប់សំណួរទាំងអស់។

សម្គាល់៖ សំណួរទាក់ទងនឹងការបំពេញទម្រង់ DS-160 អាចសួរបាននៅក្នុង គេហទំព័រនេះ។ យើងមិនអាចឆ្លើយសំណួរ ឬផ្ដល់ការណែនាំពីការបំពេញទម្រង់នេះបានទេ។

សេចក្តីណែនាំសម្រាប់ការបំពេញទម្រង់ DS-160

សូមបំពេញ និងបញ្ជូនទម្រង់ DS-160 របស់អ្នកតាមប្រព័ន្ធអ៊ីនធឺណិតនេះ អ្នកត្រូវតែបញ្ជូនពាក្យសុំ DS-160 របស់អ្នកតាមប្រព័ន្ធអ៊ីនធឺណិត មុនពេលណាត់ពេលវេលាសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

  • ស្ថានទូត ឬស្ថានកុងស៊ុលដែលអ្នកជ្រើសរើសពេលចាប់ផ្ដើមបំពេញទម្រង់ DS-160 ត្រូវតែជាស្ថានទូត ឬស្ថានកុងស៊ុលតែមួយ ដែលអ្នកនឹងណាត់ពេលវេលាសម្ភាសន៍។
  • សំណួរទាំងអស់ត្រូវឆ្លើយជាភាសាអង់គ្លេស ដោយប្រើតួអក្សរភាសាអង់គ្លេស លើកលែងតែចំណុចដែលគេសុំឲ្យផ្ដល់ឈ្មោះពេញរបស់អ្នកជាភាសាកំណើតតែប៉ុណ្ណោះ។
  • នៅថ្ងៃសម្ភាសន៍ អ្នកចាំបាច់ត្រូវយករូបថតដែលទើបថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយទៅជាមួយ។ សេចក្តីណែនាំលម្អិតពីការថតរូប និងលក្ខខ័ណ្ឌតម្រូវគុណភាពរបស់រូបថត មាននៅក្នុង គេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក
  • នៅពេលបំពេញពាក្យសុំ ប្រសិនបើអ្នកផ្អាកឈប់បំពេញព័ត៌មានលើសពី20នាទីទៅ រយៈពេលអនុញ្ញាតិសំរាប់ការបំពេញពាក្យសុំរបស់អ្នកនឹងផុតសុពលភាព ហើយអ្នកត្រូវចាប់ផ្ដើមបំពេញពាក្យសុំសាជាថ្មីឡើងវិញម្តងទៀត លុះត្រាតែអ្នកបានកត់ត្រាលេខសម្គាល់ ID របស់ពាក្យសុំ ឬបានរក្សាទុក (Save) ពាក្យសុំនេះនៅក្នុងកុំព្យូទ័ររបស់អ្នក។ អ្នកគួរកត់ត្រាទុកលេខសំគាល់ ID របស់ពាក្យសុំដែលមាននៅជ្រុងខាងស្ដាំប៉ែកខាងលើនៃអេក្រង់កុំព្យូទ័រ។ ប្រសិនបើអ្នកផ្អាកឈប់បំពេញព័ត៌មានក្នុងពាក្យសុំនេះមុនពេលបញ្ជូនវាមក អ្នកនឹងត្រូវការលេខសម្គាល់ ID របស់ពាក្យសុំនេះ ដើម្បីបន្តការបំពេញពាក្យសុំរបស់អ្នកនៅពេលក្រោយទៀត។
  • ពាក្យសុំទម្រង់ DS-160 ដែលបានបំពេញចប់ នឹងបង្កើតជាទំព័របញ្ជាក់មួយដែលមានបារកូដជាអក្សរ និងលេខ។ សូមព្រីនទំព័របញ្ជាក់នេះទុកសម្រាប់យកទៅជាមួយនៅពេលទៅសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។
  • ក្រោយពីបានព្រីនទំព័របញ្ជាក់ដែលមានបារកូដរួចរាល់ហើយ សូមចុចប៊ូតុង “Back” ហើយផ្ញើច្បាប់ចម្លងរបស់ទម្រង់ DS-160 នេះទៅអ៊ីម៉ែលរបស់អ្នក។ ឯកសារដែលផ្ញើតាមអ៊ីម៉ែលនេះគឺជាឯកសារប្រភេទ PDF ដែលតម្រូវឲ្យមានកម្មវិធី  Adobe Acrobat ទើបអាចមើល ឬព្រីនឯកសារនេះបាន។

ព័ត៌មានបន្ថែម

សំណួរចម្ងល់ផ្សេងៗអំពីការបំពេញទម្រង់ DS-160 អាចសួរបាននៅក្នុង គេហទំព័រនេះ។ យើងមិនអាចឆ្លើយសំណួរ ឬផ្ដល់ការណែនាំពីការបំពេញពាក្យសុំនេះបានទេ។
ទម្រង់ DS-160 អាចបំពេញបាន នៅទីនេះ