អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ពេលវេលា​នៃ​ការរង់ចាំ​ទិដ្ឋាការ​អន្តោប្រវេសន៍

ពេលវេលា​នៃ​ការរង់ចាំ​ទិដ្ឋាការ​អន្តោប្រវេសន៍

លើទំព័រនេះ


ព័ត៌មានទូទៅ

សំណុំរឿង​ទិដ្ឋាការ​អន្តោប្រវេសន៍​នីមួយៗ​គឺ​ខុសៗគ្នា ដូច្នេះ​វា​ពិបាក​ក្នុង​ការប៉ាន់ស្មានអំ​ពី​រយៈពេល​ដែល​ដំណើរការ​នេះ​ត្រូវការ​ចំពោះ​បុគ្គល​ជាក់លាក់។ ជាទូទៅ មាន​កត្តា​បី​យ៉ាង​ដែល​រួមចំណែក​កំណត់​ពេលវេលាតម្រូវ​សម្រាប់ដំណើរការ​៖

រយៈពេល​តម្រូវ​ដើម្បី​ដំណើរការ​ពាក្យធានា

ពេលវេលា​សម្រាប់ឲ្យ USCIS អនុម័ត​លើ​ពាក្យធានាមួយខុសគ្នា​ទៅ​តាម​ប្រភេទ​នៃ​ការធានា និង ការិយាល័យ USCIS ជាក់លាក់​ដែល​ពាក់ព័ន្ធ។ ការប៉ាន់ស្មាន​សម្រាប់​ការិយាល័យ USCIS ជាក់លាក់​អាចរកបាននៅ ទីនេះ

រយៈពេល​តម្រូវ​ដើម្បី​ដំណើរការ​តាមរយៈ​មជ្ឈមណ្ឌល​ទិដ្ឋាការ​ជាតិ និងស្ថានទូត ឬ ស្ថានកុងស៊ុល​សហរដ្ឋ​អាមេរិក

នៅពេលដែលឯកសារធានាត្រូវបានអនុម័ត ប្រសិនបើវាជាប្រភេទសាច់ញាតិជិតដិត ឬមានថ្ងៃដាក់ពាក្យដល់ពេលដែលអាចដំណើរការសំណុំរឿងបាន វាអាស្រ័យយ៉ាងខ្លាំងទៅលើអ្នកក្នុងការណាត់សម្ភាសន៍។ ឲ្យតែអ្នកធ្វើតាមសេចក្ដីណែនាំដែលមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ផ្ដល់ឲ្យ និងផ្តល់ឯកសារដែលបានស្នើសុំទាំងអស់កាន់តែឆាប់រហ័សនោះ ការណាត់សម្ភាសន៍ក៏អាចត្រូវកំណត់ឲ្យកាន់តែឆាប់រហ័សទៅតាមនោះដែរ។ ជាធម្មតាការណាត់សម្ភាសន៍ នឹងត្រូវបានកំណតើឲ្យក្នុងរយៈពេល ៤​ ទៅ​ ៦ សប្តាហ៍បន្ទាប់ពីឯកសារទាំងអស់ត្រូវបានប្រគល់។ តាមធម្មតា ទិដ្ឋាការអាចទទួលបានក្នុងអំឡុងពេលពីរអាទិត្យបន្ទាប់ពីការសម្ភាសន៍។

រយៈពេលសម្រាប់​សំណុំរឿង​រង់ចាំឲ្យដល់ពេលដែលអាចដំណើរការបាន

ចំពោះ​ប្រភេទ​នៃជន​អន្តោប្រវេសន៍​ជាក់លាក់មួយចំនួន ច្បាប់​អនុញ្ញាត​ឲ្យ​ចេញ​ទិដ្ឋាការ​ដែលមានកំណត់ចំនួន​ជា​រៀងរាល់​ឆ្នាំតែប៉ុណ្ណោះ។ សំណុំរឿង​ទាំងនេះ​ត្រូវ​ដំណើរការ​យ៉ាង​តឹងរឹងទៅតាម​លំដាប់​នៃ​កាលបរិច្ឆេទ​ដែល​បាន​ដាក់​ពាក្យធានា (នេះ​គឺ​ជា priority date)។ ទិដ្ឋាការមិនអាចចេញឲ្យឡើយរហូតទាល់តែថ្ងៃដាក់ពាក្យរបស់បេក្ខជនដល់ពេលដែលអាចដំណើរការបាន (ពាក្យសុំនោះក្លាយជាសំណុំរឿង បច្ចុប្បន្ន (current))។ ការណ៍នេះ ​អាច​ត្រូវការ​ពេល​វេលាជាច្រើន​ឆ្នាំ។ ខណៈពេលយើង​មិន​អាច​និយាយ​ឲ្យ​បាន​ជាក់លាក់​ថាតើ​វា​នឹង​ត្រូវការ​ពេល​ប៉ុន្មាន​នោះ ព័ត៌មានអំពីទិដ្ឋាការ (Visa Bulletin) ដែល​បោះពុម្ពផ្សាយ​ជារៀងរាល់ខែ នឹង​រៀបរាប់នូវ​កាលបរិច្ឆេទ​​ដែល​ថ្ងៃដាក់ពាក្យអាចដំណើរការបាន ដែល​អាច​ផ្ដល់​នូវ​សញ្ញា​បង្ហាញ​ប្រាប់​ពីរយៈ​ពេល​ប៉ុន្មាន​ទៀតដែលវានៅសល់សម្រាប់រង់ចាំ។

សម្គាល់៖ នៅពេលដែលអ្នកធានាចូលសញ្ជាតិ គ្រប់ឯកសារធានាប្រភេទ F2A ទាំងអស់ (ប្តី ឬប្រពន្ធ ឬកូនដែលជាអនីតិជនរបស់អ្នកមានសិទ្ធិរស់នៅអចិន្រ្តៃយ៍ស្របច្បាប់) ត្រូវបានផ្លាស់ប្តូរដោយស្វ័យប្រវត្តិទៅជាប្រភេទ IR1 (ប្តី ឬប្រពន្ធរបស់ពលរដ្ឋអាមេរិក) ឬ IR2 (កូនរបស់ពលរដ្ឋអាមេរិក)។ ​ប្រភេទទិដ្ឋាការ​ទាំងនេះ ​មិន​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​កូតា​ទិដ្ឋាការ​ឡើយ ដូច្នេះជានិច្ចកាល​យើង​អាច​ចេញ​ទិដ្ឋាការសម្រាប់ការប្រើប្រាស់របស់​អ្នកទទួល​ផល​ទាំងនោះ​ ប្រសិន​បើ​ពួកគេ​មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ចេញ​ទិដ្ឋាការ​ឲ្យ។ សូម​ទាក់ទង USCIS សម្រាប់​ព័ត៌មាន​បន្ថែម។